(រតនគិរី)៖ ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ក៏ដូចជា ការពារអ្នកប្រើប្រាស់នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ មន្រ្ដីកាំកុងត្រូលសាខាខេត្តរតនគិរី ដឹកនាំដោយលោក ហេង សាយ ប្រធានសាខា សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានានៅផ្សារបានលុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រកឃើញទឹកដោះគោ និងទឹកក្រូចហួសកាលបរិច្ឆេទ។

លោក ហេង សាយ ប្រធានសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះលក់ផ្សារបានលុងរួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ដែល បានពិនិត្យទាំងនោះឡើយ។ ប៉ុន្តែក្រុមការងារ បានរកឃើញទំនិញហួសកាលបរិច្ឆេទចំនួន២មុខ រួមមាន៖ ទឹកដោះគោ ម៉ាកបូប និងទឹកក្រូច ចម្រុះ សរុបទាំងអស់១៦គីឡូក្រាម ក្រុមការងារបានធ្វើកំណត់ដកហូត ដុតកំទេចចោលភ្លាមៗ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

នៅក្នុងឱកាសចុះអង្កេតទំនិញនៅផ្សារបានលុង មន្រ្តីកាំកុងត្រូលខេត្តរតនគិរី ក៏បានបានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ សាលា ឯកជ​ន គ្រូយើង ស្ថិតនៅក្រុងបា​នលុង ខេត្តរតនគិរី ដែលមានចំនួនសរុប ៦៧នាក់។

លោក ហេង សាយ បានណែនាំអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគ មានដូចជា របៀបពិនិត្យលើស្លាកសញ្ញា ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេល ប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល អនាម័យនៃការប៉ះកាន់ម្ហូបអាហារ ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារ ដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម និងខ្លឹមសារសំខាន់ៗ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញសេវា៕