(ភ្នំពេញ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុរសម្នាក់ ដែលត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខចាប់ខ្លួន បន្ទាប់ពីរូបគេ បានប្រើប្រាស់ឈ្មោះ របស់ថ្នាក់ដឹកនាំ ទៅដើរជំរិតទារលុយតាមក្លឹបកម្សាន្ដពីបទ «ឆបោក» ដោយមានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងជាអ្នកកាន់សំណុំរឿងនេះ។ នេះបើតាមមន្ត្រីនគបាលខណ្ឌសែនសុខ បានថ្លែងប្រាប់បណ្តាញព័ត៌មានអង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

គួរំលឹកថា ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខចាប់ខ្លួន បន្ទាប់ពីបុរសរូបនេះ បានប្រើប្រាស់ឈ្មោះរបស់ថ្នាក់ដឹកនាំ ទៅដើរជំរិតទារលុយតាមក្លឹបកម្សាន្ដ ហើយបានបញ្ជូន ទៅតុលារការ កាលព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួននៅរសៀល​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពៅ ចាន់ធី​ អាយុ៣៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកជនរងគ្រោះ​ឈ្មោះ ឡោ ប៊ុនឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការក្លឹបហ្ស៊ូក ស្នាក់នៅក្នុងក្លឹបហ្សូកផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

មុនពេលកើតហេតុ ឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានទូរស័ព្ទ​មកប្រាប់ជនរងគ្រោះថា គេចុះធ្វើការត្រួតពិនិត្យរដ្ឋបាល នៅចំណុចក្លឹបហ្សូក បើមិនចង់ឱ្យគេចុះត្រួតពិនិត្យរដ្ឋបាលទេ ត្រូវរៀបចំកញ្ចប់លុយចំនួន៣០០ដុល្លារឱ្យគេ ហើយឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានប្រើជនសង្ស័យ ពៅ ចាន់ធី ឱ្យមកយកលុយនៅក្លឹបហ៊្សូក​។

លុះដល់ម៉ោង០៣៖៤០នាទី ស្រាប់តែជនសង្ស័យឈ្មោះ ពៅ ចាន់ធី បានជិះម៉ូតូឌុបមកដល់មុខក្លឹបហ្សូក ដើម្បីយកលុយពីជនរងគ្រោះ តែត្រូវជនរងគ្រោះរាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ភ្នំពេញថ្មី ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ច​បានចុះដល់ចំណុចកើតហេតុ បាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌ៕​