(វ៉ាស៊ីនតោន)៖ រដ្ឋ​មន្ត្រីការបរទេស​​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយ​​នៅថ្ងៃចន្ទ​សប្តាហ៍​នេះថា មន្ត្រីទូត​​មួយ​​ចំនួនទៀត​ដែលកំពុង​ស្ថិត​​នៅប្រទេស​​វេណេស៊ុយអេឡា នឹងត្រូវដកចេញ​​​ទាំងអស់​តែម្តង ស្ថិតនៅចំពោះ​​មុខ​ស្ថានការណ៍​​​វិវឌ្ឍន៍មិនល្អ​​នៅក្នុងប្រទេស​វេណេស៊ុយអេឡា​ផ្ទាល់។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​​​សារព័ត៌មាន Sputnik នារសៀល​ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

តាមរយៈ​បណ្តាញ​​សង្គម Twitter លោករដ្ឋមន្ត្រី​​ការបរទេសអាមេរិក​​បានបញ្ជាក់​​​​យ៉ាង​ដូច្នេះថា «សហរដ្ឋអាមេរិក​​នឹងដកបុគ្គលិកទូត​ដែល​នៅសល់​ទាំងអស់ ចេញពី​ប្រទេស​វេណេស៊ុយអេឡា​​នៅក្នុង​សប្តាហ៍នេះ។ ការសម្រេច​ចិត្តនេះ គឺជាការ​ឆ្លើយ​​តបទៅនឹង​ស្ថានការណ៍​​នៅ​វេណេស៊ុយអេឡា ខណៈ​​ដែលវត្តមាន​​មន្ត្រីទូត​អាមេរិក​​​នៅក្នុង​ប្រទេស​អាមេរិកឡាទីន​​មួយ​នេះ បានក្លាយ​ជា​​ឧបសគ្គមួយ​ចំពោះ​គោល​​នយោបាយ​សហរដ្ឋអាមេរិក...»

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក​នៅតែបន្ត​ព្យាយាមដឹកនាំជំនួយទៅកូឡុំប៊ី ដើម្បី​ត្រៀម​ចូលទៅកាន់វេណេស៊ុយអេឡា បើទោះបីជាមានការ​រារាំង​ដោយ​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ដែល​បានចាត់ទុកទង្វើអាមេរិកនេះ មានបង្កប់ចេតនាឈ្លានពានក៏ដោយ។ ដោយឡែក​មេបក្ស​ប្រឆាំង​​លោក ហ្ស៊ាន ហ្គៃដូ បាន​ចូលទៅក្នុង​ប្រទេស​វេណេស៊ុយអេឡា​ដោយ​​គ្មាន​នរណា​ហ៊ានចាប់ខ្លួនលោកនោះឡើយ ខណៈ​ប្រទេសអាមេរិកឡាទីនមួយនេះ កំពុងរងគ្រោះ​នៅ​ឡើយ​ដោយការ​ដាច់ចរន្តអគ្គិសនី​ស្ទើរទូទាំង​ប្រទេស ដែល​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​រួច៕