(ភ្នំពេញ)៖ ប្រតិភូវិនិយោគិនជប៉ុន បានមើលឃើញថា កម្ពុជានៅតែជាប្រទេសមានសក្តានុពលសម្រាប់ការវិនិយោគ ហើយបានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តគាំទ្រ និងគាំពារដល់ក្រុមអ្នកវិនិយោគជប៉ុន ដែលកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ការបង្ហាញពីសក្តានុពលសម្រាប់ការវិនិយោគ ក៏ដូចជាសំណើសូមការគាំទ្រ និងគាំពារនេះ ត្រូវបានធ្វើឡើងដោយ លោក ណូរីអូ ​យ៉ាម៉ាហ្គូឈិ (Norio Yamaguchi) អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិជប៉ុន ក្នុងពេលដឹកនាំប្រតិភូវិនិយោគិនជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ណូរីអូ បានបង្ហាញពីការមើលឃើញរបស់លោកថា រយៈពេល៣ឆ្នាំកន្លងមកនេះ លោកបានឃើញយ៉ាងច្បាស់នូវការផ្លាស់ប្ដូរ និងការវិវត្តជាវិជ្ជមាន និងឆាប់ឆាប់រហ័សរបស់រកម្ពុជា។​

លោក ណូរីអូ បានជម្រាបសម្ដេចតេជោថា បច្ចុប្បន្ននេះប្រទេសជប៉ុន ជាពិសេសវិនិយោគិនជប៉ុន ធន់តូច និង​មធ្យម កំពុងតែរកឱកាស ដើម្បីវិនិយោគនៅក្រៅប្រទេស ដោយសារបញ្ហាសេដ្ឋកិច្ចរបស់​ជប៉ុន។ លោក ណូរីអូ បានសំណូមពរសម្ដេចតេជោ​ បន្តគាំទ្រ និងទទួលស្វាគមន៍វិនិយោគិនជប៉ុន ដែលមក​ស្វែងរកឱកាសវិនិយោគ នៅរកម្ពុជា។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអ្នកវិនិយោគជប៉ុន ដែលចង់វិនិយោគនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់សុខភាព និងដង្ហើមសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។

សម្ដេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺពង្រឹងវិស័យសេដ្ឋកិច្ច​ ដើម្បីធ្វើយ៉ាងណាឲ្យកំណើនបន្តកើនឡើងជាង ៧ភាគរយនៅក្នុងមួយឆ្នាំ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បាន​ដំឡើងប្រាក់បៀវត្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ បុគ្គលិក នឹងបន្តកំពុងធ្វើការដោយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រកួតប្រជែង ជាពិសេសតាមរយៈការធ្វើកំណែទម្រង់ និងតាមរយៈបាវចនា របស់រាជរដ្ឋាភិបាល «កែទម្រង់ផ្ទៃក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ» ជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ច សម្អាតបញ្ហាទាំងឡាយ ​ដើម្បីឱ្យក្លាយជាផ្លូវសម្រាប់ការវិនិយោគមានផលចំណេញ។

សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា អ្វីដែលកម្ពុជាធ្វើនាពេលនេះ គឺធ្វើយ៉ាងណាជំរុញឲ្យសេដ្ឋកិច្ចមានការប្រកួតប្រជែង។ សម្ដេចក៏បានប្រាប់ទៅកាន់ប្រតិភូពីអ្វីដែលរដ្ឋាភិបាល បានធ្វើកន្លងមកផងដែរ។ ជាពិសេស គឺការបន្ថយតម្លៃអគ្គិសនី ការដកតួនាទីកាំកុងត្រូលពីច្រកព្រំដែន និងការរំលាយចោលអង្គភាពទីភ្នាក់ងារនាវាចរ (កាំសាប) ដែលទាំងនេះ សុទ្ធសឹង តែជាកំណែទម្រង់ ដើម្បីសម្រួលដល់ការវិនិយោគឲ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា គិត​មក​ត្រឹម​ឆ្នាំ២០១៧ កម្ពុជា​បាន​ទទួលស្វាគមន៍ និង​ចុះ​បញ្ជី​គម្រោង​វិនិយោគ​របស់​ជប៉ុន ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ​ជា ១.៦​ពាន់​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្នុង​ឆ្នាំ​២០១៧ មាន​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន៩ ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ៦៣​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ មាន​គម្រោង​វិនិយោគ​ចំនួន​ ៨ បាន​បោះ​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ៥៩​លាន​ដុល្លារ​អាមេរិក​៕