(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ខ្លួនកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍសរុបចំនួន ៥៧៨រូប។

ការងារសុខាភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសុខភាពមិនល្អ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលនេះ វិវឌ្ឍន៍ជាមួយភាពល្អប្រសើរនោះ រាជរដ្ឋាភិបាល បានទម្លាក់ថវិកាជាតិខ្ពស់ជាងគេទៅក្នុងវិស័យសុខាភិបាលលើការចំណាយចរន្តប្រចាំឆ្នាំរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអញ្ជើញជាអធិបតីបិទសន្និបាតការងាររបស់ក្រសួងសុខាភិបាលជារៀងរាល់ឆ្នាំផងដែរ ដើម្បីយកឱកាសនេះផ្តល់នូវអនុសាសន៍ និងការទូន្មានមួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។

ដ្បិតថាពេលបច្ចុប្បន្នវិស័យសុខាភិបាលរបស់កម្ពុជាមើលឃើញថា មិនទាន់មានកម្រិតខ្លាំងក្លាដូចប្រទេសជិតខាង និងនៅមានភាពប្រឈមមួយចំនួនយ៉ាងណាក្តី តែគេបានមើលឃើញថា វិស័យនេះមានភាពល្អប្រសើរច្រើនបើធៀបពីអតីតកាលរបស់កម្ពុជា ដែលគ្រូពេទ្យពឹងតែសេនសម្រាប់កោសខ្យល់នោះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានពង្រាយមណ្ឌលសុខភាពទៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធានាដល់ការជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

នៅក្នុងសន្និបាតបូកសរុបការងារក្រសួងសុខាភិបាល បានបង្ហាញថា ខ្លួនបានសម្រេចនូវសមិទ្ធិផលការងារជាច្រើនក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ខ្លួនបានផ្តល់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ រួមមាន៖ ការពិនិត្យជំងឺក្រៅសរុប ១៣,៤៨១,៨៨៣ករណី កើនលើសឆ្នាំ២០១៧ ជាង ៣សែនករណី សម្រាកព្យាបាលដោយមិនរាប់បញ្ចូលអ្នកជំងឺរបេង មានចំនួនសរុប ៩៨៦,៣៩៤នាក់ កើនលើសឆ្នាំ២០១៧ ជាង ១សែនករណី ក្នុងនោះមានករណីវះកាត់ធំចំនួន ១៣២,៧៥១ករណី វះកាត់បន្ទាន់ ៥៤,៥៤២ករណី និងវះកាត់ដាក់កម្មវិធី ៧៨,២០៩ករណី។

អត្រាសម្រាលកូននៅមូលដ្ឋានសុខាភិបាលគឺ ៨៤,០៥% និងអត្រាសម្រាលដោយបុគ្គលិកសុខាភិបាលមានកម្រិតខ្ពស់ ៨៧,២៩% នៃចំនួនស្ត្រីមានគភ៌រំពឹងទុក។ រីឯអត្រាសម្រាលដោយវិធីវះកាត់ធៀបនឹងចំនួនទារកកើតរស់សរុបគឺ ៦,៧៧%។ វឌ្ឍនភាពនេះនឹងធ្វើឲ្យអត្រាមរណៈមាតា និងទារកថយចុះថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ ខណៈដែលសេវាសម្ភពសង្គ្រោះបន្ទាន់និងថែទាំទារកកំពុងត្រូវបានពង្រីក ដើម្បីជួយសង្គ្រោះជីវិតស្រ្តីមានគភ៌ប្រឈមនឹងគ្រោះថ្នាក់នៅពេលសម្រាល និងទារកកើតមិនគ្រប់ខែ។ ការគ្របដណ្តប់នៃការផ្តល់វ៉ាក់សាំងគ្រប់មុខបង្ការជំងឺសម្រេចបាន៩៥,៦៩% នៃកុមារចំណុច។

រីឯកុមារអាយុក្រោម៥ឆ្នាំដែលបានមកពិនិត្យជំងឺករណីថ្មីមានចំនួនសរុប ២,៦០៣,៣៥៥ករណី ឬជាមធ្យមកុមារម្នាក់បានមកពិនិត្យជំងឺជិត ១ដងកន្លះ ក្នុងមួយឆ្នាំ។

ក្រសួងសុខាភិបាលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីប្រព័ន្ធគាំពារសង្គម។ ការប្រើប្រាស់សេវាវេជ្ជសាស្ត្ររបស់ប្រជាពលរដ្ឋក្រីក្រនៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល កើនពី ២,៦៥១,៨៤៣ករណី នៅឆ្នាំ២០១៧ ដល់ ២,៨១០,៦៩៧ករណី នៅឆ្នាំ២០១៨ ដោយបានចំណាយ ១៤,៣៨១,៤២៧ដុល្លារ (ក្នុងនោះចំណាយលើសេវាវេជ្ជសាស្រ្ត ១២,៤៥២,៣៤៤ដុល្លារ និងចំណាយលើសេវាមិនមែនវេជ្ជសាស្រ្ត ១,៩២៩,០៨៤ដុល្លារ)។

ករណីប្រើប្រាស់សេវាវេជ្ជសាស្ត្ររបស់កម្មករ/និយោជិតក្រៅប្រព័ន្ធ ក្រុមប្រឹក្សាឃុំ/សង្កាត់ មន្ត្រីភូមិ កីឡាករ កីឡាការនី កម្មករត្រីចក្រយាន្ត និង ប្រតិបត្តិករដោះមីនមានចំនួន ៤៣,៩៣២ករណី ដោយចំណាយថវិកាជាតិអស់ប្រមាណ ២៨៤,៤៧៤ដុល្លារ។

បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានចុះកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងផ្តល់សេវាជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សម្រាប់ផ្នែកហានិភ័យការងារចំនួន ១៥៦កន្លែង និងសម្រាប់ផ្នែកថែទាំសុខភាពចំនួន ១,៣៤៩កន្លែង។ ក្នុងឆ្នាំ២០១៨ ករណីប្រើប្រាស់សេវាសុខាភិបាលរបស់កម្មករ និយោជិតក្នុងប្រព័ន្ធ ផ្នែកគ្រោះថ្នាក់ការងារមានចំនួន ៤១,១៣២ករណី និងផ្នែកថែទាំសុខភាពចំនួន ១,៦៧៣,៧៥២ករណី ដោយចំណាយថវិកាសរុបចំនួន ៨៤,៣៦៦,០៤០,០០០លានរៀល។ រីឯកម្មករ និយោជិតជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៦៥,០៥៤នាក់ ដែលបានសម្រាលកូនក្នុងឆ្នាំ២០១៨ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមសរុបជាទឹកប្រាក់ចំនួន ២៦,២១៣,៦០០,០០០រៀល។

ក្រសួងសុខាភិបាល បានឲ្យដឹងផងដែរថា មន្ដ្រីរាជការដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាលសាធារណៈនាពេលបច្ចុប្បន្នមានចំនួន ២៥,៤៣៨នាក់។ ការពង្រាយបុគ្គលិកនៅតាមថ្នាក់នៃប្រព័ន្ធសុខាភិបាលបានបង្ហាញថា បុគ្គលិកសុខាភិបាលបម្រើការងារនៅថ្នាក់ រាជធានី-ខេត្តមានចំនួន ១៩,៧១០នាក់ ឬស្មើនឹង ៧៧% នៃចំនួនបុគ្គលិកសុខាភិបាលសរុប។

ដើម្បីធានាដល់ការផ្តល់សេវាសុខាភិបាលកាន់តែប្រសើរក្រសួងក៏បានពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅមូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសការបង្កើតមណ្ឌលសុខភាពថ្មីៗបន្ថែមនៅក្នុងតំបន់ជនបទ។ ក្នុងឆ្នាំ២០១៨ មូលដ្ឋានសុខាភិបាលសាធារណៈ រួមមាន ប៉ុស្តិ៍សុខភាព ១២៩កន្លែង មណ្ឌលសុខភាព ១,២០៥កន្លែង មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ២៥ និងមន្ទីរពេទ្យបង្អែកក្រុង/ស្រុក/ខណ្ឌ ៨៦។ រីឯការសាងសង់រួមមាន មណ្ឌលសុខភាព ២០កន្លែង ប៉ុស្តិ៍សុខភាព ៥កន្លែង អគារក្នុងមន្ទីរពេទ្យ ១៣កន្លែង បន្ទប់រង់ចាំសម្រាល ៩កន្លែង បន្ទប់សម្រាល ៥កន្លែង និងអគាររដ្ឋបាលសុ្រកប្រតិបត្តិ ៣កន្លែង៕