(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកូរ៉េខាងត្បូង បានលើកឡើងថា ក្រុមអតីតគណបក្សសង្គ្រោះជាតិ បានបាត់នូវទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ បងប្អូនខ្មែរនៅកូរ៉េខាងត្បូង ក្រោយពីពួកគេបានបរាជ័យលើការអូសទាញ ឲ្យស្អប់ និងមើលឃើញតែចំណុចអវិជ្ជមានលើរាជរដ្ឋាភិបាល។

លោកថា ក្រុមប្រឆាំងទាំងនោះនាំគ្នាបង្កើតមូលនិធិរៃអង្គាសថវិកាពីប្រជាពលរដ្ឋខ្មែរ យកទៅប្រើប្រាស់ ដើម្បីតែប្រយោជន៍បក្ខពួកខ្លួន ទាំងនេះវាខុសស្រឡះ ពីអ្វីដែលពួកគេបានលើកឡើងថា «ធ្វើអ្វីៗដើម្បីជាតិ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរបស់គណបក្សកាន់អំណាច មិនដែលអួតម្តងណានោះទេ គឺធ្វើគ្រប់បែបយ៉ាង ដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរនៅកូរ៉េ ដោយមិនខ្លាចនឿយហត់»

ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ក្នុងឱកាសដែលលោកឯកអគ្គរាជទូត បានផ្តល់បទសម្ភាសន៍ដល់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងស្ថានភាពនានា របស់បងប្អួនប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងប្រទេសកូរ៉េ និងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ នៅក្នុងអាណត្តិរបស់លោក។

លោក ឡុង ឌីម៉ង់ បានថ្លែងយ៉ាងដូច្នេះ៖ «ដើម្បីចលនាគាត់អីទៅ ប៉ុន្តែមួយវិញទៀត ការប្រើប្រាស់ការរៃអង្គាសមូលនិធិនេះ ជួនកាលពួកគាត់មិនយកទៅប្រើប្រាស់ តាមអ្វីដែលគាត់លើកឡើងទេ ការគ្រប់គ្រងហិរញ្ញប្បទាន ពួកគាត់នេះផុយស្រួយគ្រប់គ្រងឡើង មិនមានតម្លាភាព អញ្ចឹងបងប្អូនចាប់ផ្តើមអស់ជំនឿ ហើយស្របពេលដែលយើងខ្ញុំ បានទៅដល់ទឹកដីនោះទៀតសោត យើងខ្ញុំបានខិតខំធ្វើការតែម្យ៉ាងទេ គឺដើម្បីឧត្តមប្រយោជន៍ [...] របស់ប្រទេសជាតិ និងអនុវត្តអ្វីទៅតាមភារកិច្ចស្នូលរបស់យើង ក្នុងនាមដែលតំណាង ឲ្យប្រទេសជាតិទាំលមូលហើយ យើងទទួលអាណត្តិ ពីរាជរដ្ឋាភិបាល ដើម្បីតំណាងប្រទេសកម្ពុជា ធ្វើការជាមួយប្រទេសកូរ៉េជាមិត្ត និងទៅធ្វើជាអាណាព្យាបាល ជួយ​ដោះស្រាយបញ្ហា ធ្វើជាអ្នកបម្រើសេវាសាធារណៈផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ»

បើតាម លោក ឡុង ឌីម៉ង់ អតីតក្រុមអ្នកប្រឆាំងជានិច្ចកាល តែងតែប្រើប្រាស់បងប្អូនខ្មែរ នៅបរទេសឲ្យភ្លេចខ្លួន បោកបញ្ឆោត និងតែងតែបង្កើតបញ្ហា​ជាច្រើនដូចជា បំផុសឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើការប្រៀបធៀប រវាងប្រទេសកូរ៉ និងប្រទេសកម្ពុជាថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមានការរីកចម្រើនដូចប្រទេសកូរ៉េ និងបណ្តាប្រទេសផ្សេងៗទៀតជាដើម។ ទាំងនេះជាចេតនា បោកបញ្ឆោតពិតប្រាកដមួយ ដល់បងប្អូនខ្មែរនៅបរទេស ប៉ុន្តែក្រុមប្រឆាំងភ្លេចគិតពីកត្តាប្រវត្តិសាស្ត្រថា ប្រទេសកូរ៉េ បានបញ្ចប់សង្គ្រាមពេលណាមក ហើយប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាម នៅពេលណានោះទេ ប៉ុន្តែបច្ចុប្បន្ននេះ បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល២០ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាងប្រទេសជាតិ ពីបាទដៃទទេ រហូតមានលទ្ធភាពអភិវឌ្ឍ សេដ្ឋកិច្ច និងកសាងប្រទេសជាតិដោយខ្លួនឯង ដោយឈរលើឯករាជភាពរបស់ខ្លួន។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េរូបនេះ បានបញ្ជាក់ថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា តែងតែទទួលបានភាពអយុត្តិធម៌ជានិច្ច ដែលបានខិតខំគូសបន្ទាត់នយោបាយ គោលនយោបាយ និងទស្សនៈវែងឆ្ងាយលើវិស័យការងារ នៅក្នុងប្រទេសកម្ពុជា ដោយបានខិតខំចរចាជាមួយភាគីប្រទេសជាមិត្ត ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការបើកទីផ្សារការងារជូនបងប្អូនខ្មែរ ឱ្យមកទទួលនូវជំនាញវិជ្ជាជីវៈ មានការងារធ្វើ មានប្រាក់ខែខ្ពស់ដើម្បីផ្ញើមកក្រុមគ្រួសារផងដែរ។

សូមស្តាប់កិច្ចសម្ភាសន៍ជាមួយលោក ឡុង ឌីម៉ង់ ដូចខាងក្រោមនេះ៖