(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានស្នើសុំដល់មន្ត្រីអនុវត្តច្បាប់សូមពិចារណា សម្រាលទោសដល់ស្ត្រី​ដែលជាប់ពន្ធនាគារ នៅក្នុងខេត្តសៀមរាប ទៅតាមបទល្មើស របស់ស្ត្រីជាប់ឃុំឃាំងទាំងអស់នោះ ទៅតាមបទល្មើសរៀងៗ តាមផ្លូវច្បាប់។

ការស្នើសុំរបស់អភិបាលខេត្តសៀមរាប បានធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញចូលរួមថ្ងៃខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលបានរៀបចំនៅមហោស្រព អាណាចក្រអង្គរ នាក្រុងសៀមរាប។

លោក ទៀ សីហា​ បានថ្លែងយ៉ាងដូច្នេះថា៖ «សុំឱ្យមានការពិចារណា ពីព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា យើងត្រូវពិចារណា ចំពោះស្រ្ដីដែលជាប់ពន្ធនាគារ គឺត្រូវពិចារណា និងពិភាក្សាគ្នា ចំពោះទោសរបស់ពួកគាត់ តើអាចសម្រាលជូនគាត់ បានកំរិតណា»

លោកអភិបាល បានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រោះនារីជាប់ពន្ធនាគារ ដូចជាពេលថ្មីៗនេះ ភរិយារបស់ខ្ញុំគាត់បានដឹកនាំក្រុមការងារ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ចុះទៅសួរសុខ និងសំណេះសំណាលជាមួយជនត្រូវចោទ ជនជាប់ចោទ និងពិរុទ្ធជន ដែលជាស្ត្រីមានកូនតូចៗ និងស្ត្រីមានផ្ទៃពោះនៅក្នុងពន្ធនាគារខេត្តសៀមរាប។ ក្រោយពីបានជួបហើយ គាត់បានរាយការណ៍ប្រាប់មកខ្ញុំផងដែរ អំពីស្ថានភាពស្ដ្រីនៅក្នុងពន្ធនាគារ។ តែតាមពិតទៅខាងពន្ធនាគារ គាត់បានសម្របសម្រួល និងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើនារីៗ ដែលបានជាប់នៅពន្ធនាគារ ហើយដែរ»

លោកបានបន្តថា ក៏ប៉ុន្តែវានៅមានចំណុចខ្វះខាតមួយចំនួនដែលពាក់ព័ន្ធទៅនឹងសតិអារម្មណ៍របស់នារី ដែលនៅជាប់ពន្ធនាគារ ដែលពាក់ព័ន្ធ និងកុមារត្រូវជាកូនៗរបស់ស្ត្រីទាំងនេះ ហើយកុមារដែលមកនៅជាមួយម្តាយមិនបានធ្វើអ្វីខុស ប៉ុន្ដែគាត់ត្រូវរស់នៅជាមួយម្ដាយ ក្នុងពន្ធនាគារ។

ដូច្នេះលោកបានសុំស្នើរ និងប្រគល់ភារកិច្ចនេះ ជូនទៅលោកស្នងការនគរបាល ហើយនឹងលោក ពៅ ពិសិដ្ឋ ដែលជាអភិបាលរងខេត្ត ដើម្បីសហការគ្នាធ្វើយ៉ាងណា បើសិនជាអាច ស្រ្ដីដែលមានទោសស្រាលៗ យើងអាចជួយសម្រាលទោស ចំពោះពួកគាត់ ដើម្បីកុំឱ្យជាប់ពន្ធនាគារយូរពេក ហើយចំពោះគណៈអភិបាល ក៏ដូចជារដ្ឋបាលសាលាខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងព្យាយាមយកចិត្តទុកដាក់ចំពោះនារីៗដែលជាប់ក្នុងពន្ធនាគារនេះបន្តទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ លោក ទៀ សីហា បានសង្កត់ធ្ងន់ៗថា ចំពោះទោសផ្សេងៗ ពិសេសទោសចាប់រំលោភលើកុមារ ដែលជាអានិតិជននោះ គឺមិនត្រូវលើកលែងទោស ទាល់តែសោះ។ ព្រោះនៅខេត្តសៀមរាបរបស់យើង ពួកនោះនៅមានជាបន្តបន្ទាប់រៀងរាល់ថ្ងៃ នេះបើតាមរបាយការណ៍របស់លោកប្រធានមន្ទីរ សុខាភិបាលខេត្ត គឺមួយថ្ងៃៗ មាន៣ករណី។ លោកជឿជាក់ថា ក្នុងនាមជាម្ដាយ ជាឪពុកទាំងអស់ មានការស្រឡាញ់អាណិត ចំពោះកូនរបស់យើង ដែលមិនទាន់ពេញវ័យក្រោមអាយុ១៥ឆ្នាំ ហើយកុមារខ្លះទៀត គឺមិនទាន់មានអាយុ១០ឆ្នាំផង ត្រូវបានពួកសត្វតិរច្ឆាន មកធ្វើការចាប់រំលោភ ដល់កូនចៅរបស់យើង។ ដូច្នេះ គឺគ្មានអ្នកណាអាចលើកទោសបាន ចំពោះពួកគេនោះបានទេ។

លោកបន្តបញ្ជាក់ថា បើទោះជាមានការស្នើសុំមក អភិបាលខេត្ត ឬខាងផ្នែកផ្សេងៗឱ្យមានការលើកលែងទោសឱ្យពួកប្រភេទនេះ គឺគ្មានថ្ងៃលើកលែងទោសបានឡើយ ហើយលោកបានប្រាប់បន្ថែមទៅខាងស្នងការខេត្ត និងខាងពន្ធនាគារថាកុំយកឯកសារ ឬមួយភាពពាក់ព័ន្ធ និងការលើកលែងទោសពួកដែលមិនមែនជាមនុស្សទាំងអស់នោះឱ្យលោកចុះហត្ថលេខាឱ្យសោះ គឺលោកនឹងមិនចុះហត្ថលេខាឡើយ៕