(ភ្នំពេញ)៖ ក្រោយមានការវាស់វែងបែងចែកព្រំប្រទល់ច្បាស់លាស់ជាថ្មី រវាងសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ ក្នុងទឹកដីខណ្ឌឫស្សីកែវ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ តំណាងលោក ជា ពិសី អភិបាលខណ្ឌ គឺលោក លីន ញ៉ក់ អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធនានា ដើម្បីចូលរួមចុះពិនិត្យជាក់ស្ដែង តាមការបង្ហាញផែនទីជូនពីមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌ។

ការពិនិត្យជាក់ស្ដែង រវាងព្រំប្រទល់សង្កាត់ទាំង២នេះ មានការចូលរួមពីលោកអធិការរងនគរបាលខណ្ឌ និងសហការរី ចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេប៉ុស្ដិ៍ទាំង២ ប្រជាការពារខណ្ឌ-សង្កាត់មួយចំនួនទៀត។

ពាក់ព័ន្ធការចុះពិនិត្យជាក់ស្ដែង ក្រោយមានការវាស់វែងបែងចែកព្រំប្រទល់ ច្បាស់លាស់ជាថ្មី រវាងសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ ក្នុងទឹកដីខណ្ឌឫស្សីកែវ ពីសំណាក់លោក លីន ញ៉ក់ អភិបាលរងខណ្ឌ​ខាងលើនេះ ត្រូវបានសង្កេតឃើញថា ក្នុងគោលបំណង​ដើម្បីងាយស្រួលគ្រប់គ្រង ទាំងបច្ចុប្បន្ន និងអនាគត លើការផ្ដល់សេវាសាធារណៈផ្សេងៗ ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណ ជាដើម សម្រាប់ផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ នៃសង្កាត់ទាំង២៕​