(ភ្នំពេញ)៖ នៅឆ្នាំ២០១៨ កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋចំនួន២​ប្រទេស។ ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ និងការងារជាបន្តបន្ទាប់ចំនួន១១ប្រទេស។ នេះបើតាមរបាយការណ៍​ដែលបង្ហាញដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក ប្រាក់ សុខុន បានបង្ហាញរបាយការណ៍នេះ នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះថា ឆ្នាំ២០១៨ កន្លងទៅនេះ យើងបានរៀបចំ និងសហការរៀបចំ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះមហាក្សត្រ នៅចិន និងវៀតណាម និងទស្សន​កិច្ចផ្លូវការ និងការងារជាបន្តបន្ទាប់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅឥណ្ឌា អូស្ត្រាលី ចិន សិង្ហបូរី វៀតណាម ជប៉ុន ឡាវ នេប៉ាល់ តួកគី និងស្ថាប័ន​អង្គការសហ​ប្រជាជាតិនៅញូវយ៉ក និងហ្សឺណែវ។

បើតាមប្រមុខការទូតកម្ពុជា, ទន្ទឹមនឹងទស្សនកិច្ចទៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំកំពូលនេះ កម្ពុជាក៏បានរៀបចំទទួលបដិសណ្ឋារកិច្ច​ទស្សនកិច្ចផ្លូវការរបស់​នាយករដ្ឋមន្ត្រី​ចិន អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្ត និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តីនៃ​បណ្តា​ប្រទេស​ទន្លេមេគង្គ ក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ និងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ផងដែរ។

លោកបានបន្តទៀតថា ក្រៅពីនេះ កម្ពុជាក៏បានចូលរួមក្នុងវេទិកាជាន់ខ្ពស់កម្រិតតំបន់ អនុតំបន់ និងអន្តរជាតិជាច្រើនដូចជា កិច្ចប្រជុំកំពូលអាស៊ី–អឺរ៉ុប កិច្ចប្រជុំកំពូល ACMECS, កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS), កិច្ចប្រជុំកំពូលស្តីពីតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម, កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន, កិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក, សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោក, កិច្ចប្រជុំកំពូលអង្គការកិច្ច​សហប្រតិ​បត្តិការ​សៀងហៃ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាដើម។

ក្នុងយន្តការពហុភាគី កម្ពុជាបានជាប់ឆ្នោតជាអនុប្រធាននៃសម័យប្រជុំលើកទី៧៣របស់មហាសន្និបាតអ.ស.ប. ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ និង​ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម (ECOSOC) របស់អ.ស.ប. សម្រាប់អាណត្តិឆ្នាំ ២០១៩ និងបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប លើកទី ១៣ នៅឆ្នាំ២០២ផងដែរ៕