(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពាក្យបណ្ដឹងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្ដឹងគេហទំព័រអនឡាញមួយ ដែលបានបង្ហោះព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លែងថ្នូររបស់លោក ដែលជាកងកម្លាំងនគរបាលមួយរូប។

ក្នុងពាក្យបណ្ដឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បានអះអាងថា លោកពុំមែនជាម្ចាស់ដីដែលមានទំនាស់នៅចំណុចភូមិពូធឿន ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះឡើយ។ ពោលលោកគ្រាន់តែជាអ្នកទទួលខុសត្រូវការពឹងពាក់ ដើម្បីឲ្យជួយរកជួលគ្រឿងចក្រ ឈូសឆាយព្រំដីតែប៉ុណ្ណោះ។

ប្រធាននាយកដ្ឋាននគរបាលការពាររូបនេះ ក៏បានអះអាងថា នៅថ្ងៃកើតហេតុ ពោលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃដែលតុលាការចុះអនុវត្តដីកា រុះរើសំណង់អនាធិបតេយ្យ​លើដីទំនាស់ ទំហំ៨៨ហិចតានោះ​ លោកមិនមានវត្តមាននៅទីនោះឡើយ ដោយមានភារកិច្ចចូលរួមសន្និបាត របស់ក្រសួងមហាផ្ទៃ នៅភ្នំពេញ។

ក្រោយមកលោក បានឃើញគណនី Facebook ជាច្រើនបានចុះផ្សាយព័ត៌មានមិនពិត​ថា លោកបានប្រើអំណាចរំលោភយកដីពីប្រជាជនចំនួន៣១គ្រួសារ ដែលការចោទប្រកាន់នេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកផ្ទាល់ និងស្ថាប័នក្រសួងមហាផ្ទៃយ៉ាងធ្ងន់ធ្ងរ ព្រមទាំងសំណូមពរដល់សមត្ថកិច្ច ជួយស្រាវជ្រាវដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕​