(ប៉ៃលិន)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តប៉ៃលិន។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ កោតសសេីរ និងជូនពរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដែលបានធ្វេីឲ្យខេត្តប៉ៃលិនប្រែក្លាយពីតំបន់ប្រយុទ្ធទៅជាតំបន់ដែលមានការអភិវឌ្ឍគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានធ្វើការណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តប៉ៃលិនទាំងមូល ត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការសំខាន់ៗដូចជា​ :១.ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ២.សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម​ ការគ្រប់គ្រងធនធានធម្មជាតិ ៣.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
៤.កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ៥.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន​ ៦.ពីគ្រោះរាំងស្ងួត
​៧.ការពង្រឹងរបៀបរបបការងារ​ ៨.ទំនាក់ទំនងជាមួយប្រទេសជិតខាង​ ​៩.ការងារជំរឿនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន

ជាមួយគ្នានេះ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានជូនពរដល់នារីទាំងអស់នៅខេត្តប៉ៃលិនសូមឲ្យទទួលបានតែសុភមង្គល និងសេចក្តីសុខជានិរន្តន៍។