(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ជូនសាធារណជនថា មិនមានកម្មសិទ្ធិចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ចំពោះទំហំ៥.០៧ហិចតា ក្បែរភ្នំដោះក្រមុំ ដូចការលើកឡើងនោះឡើយ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា «ជនជាតិដើមចង់ឲ្យអាជ្ញាធរពន្លឿនការវាស់ដី នៅភ្នំដោះក្រមុំ» ដោយស្រង់សម្ដីរបស់លោក គ្រើង តុលា លេខាធិការនៃគណៈកម្មាធិការមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ។

ក្រសួងរ៉ែ និងថាមពល បានបំភ្លឺជូនអ្នកសារព័ត៌មាន និងសាធារណជន​ថា ក្រោយពីទទួលបាន​ដីកាលេខ ០១៤ ដក/មគរ ចុះថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០១៥ របស់រដ្ឋបាល​ខេត្តមណ្ឌលគីរី ស្តីពីការផ្តល់ទីតាំង​ដីមួយកន្លែងទំហំ ៥,០៧ ហិចតាក្បែរភ្នំដោះក្រមុំ សម្រាប់សាងសង់គ្រឹះស្ថានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរ៉ែ​ថាមពល និងប្រេងកាតរួចមក ក្រសួងរ៉ែ និងថាមពល បានធ្វើលិខិតមួយលេខ ១៥៦១ រថ.អកទទ.លស ចុះថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ២០១៦ ដែលមានកម្មវត្ថុ «សំណើសុំប្រគល់ទីតាំងដីនៅតំបន់ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីជូនរដ្ឋវិញ»

​ក្នុងខ្លឹមសារលិខិត ក៏បានថ្លែងអំណរគុណ អភិបាលខេត្តចំពោះកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ​​ធនធានរ៉ែរបស់ជាតិ និងបានបញ្ជាក់ជូនថា ក្រសួងបានសម្រេចធ្វើការសាងសង់មជ្ឈមណ្ឌលខាងលើនេះ នៅជិតរាជធានីភ្នំពេញ ដូច្នេះក្រសួងសូមប្រគល់ ជូនទីតាំងដីខាងលើនេះជូនរដ្ឋបាលខេត្តវិញ​៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖