(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម សហការ និងឆ្លៀតពេលដើម្បីផ្ដល់នូវកិច្ចសម្ភាស ទៅតាមការណាត់ជួប របស់មន្ត្រីជំរឿន។ មន្ត្រីសម្ភាសន៍ម្នាក់ៗ ត្រូវចេះសម្របសម្រួលការងារ ទៅតាមស្ថានភាពជាក់ស្ដែង ដោយចេះលៃលកពេលវេលា ដោយមិនប្រកាន់តែម៉ោងរដ្ឋបាលទេ ធ្វើយ៉ាងណា ដើម្បី ឲ្យការងារជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ នៅក្នុងខេត្ត ទទួលលទ្ធផលល្អប្រសើរ។

លោកអភិបាលខេត្ត បានអំពាវនាវ យ៉ាងដូច្នេះ ខណៈដែលមន្ត្រីជំរឿន បានចុះសម្ភាសន៍រូបលោក នៅគេដ្ឋានផ្ទាល់ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការអនុវត្តគោលការណ៍ជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ នៅក្នុងខេត្តកំពង់ចាម គិតតមកដល់ពេលនេះ មានក្រុង-ស្រុក ខ្លះ បានដំណើរការល្អប្រសើរ និងសម្រេចបានលទ្ធផល ប្រមាណជា២១%ហើយ។

ក្រៅពីនោះ ក៏មានក្រុង-ស្រុកមួយចំនួនទៀតទទួលបានលទ្ធផលបានតែ១២% ប៉ុណ្ណោះ ហើយប្រការនេះ តាមការឲ្យដឹងពីមន្ត្រីសម្ភាសន៍ថា ការយឺតយាវនេះ គឺអាស្រ័យដោយកត្តា នៃការចុះដំណើរការសម្ភាសន៍ តាមមូលដ្ឋានមួយចំនួន មានបងប្អូនប្រជាពលរដ្ឋយើង មិនទាន់បានឆ្លើយតប ទៅនឹងអ្វីដែលមន្ត្រីសម្ភាសន៍ចង់បាន ពោលគឺ បងប្អូនខ្លះ មមាញឹកនឹងកិច្ចការ ក្នុងការប្រកបបបរទទួលទានប្រចាំថ្ងៃ។

សូមបញ្ជាក់ដែរថា តាមរបាយការណ៍ស្ដីពី ការសម្ភាសន៍គ្រួសារ តាមខ្នងផ្ទះក្នុងដំណើរការជំរឿនទូទៅប្រជាជន នៅខេត្តកំពង់ចាម ឆ្នាំ២០១៩ ត្រឹមថ្ងៃទី៥ ខែមីនា ២០១៩នេះ សម្រេចបានលទ្ធផល ចំនួន ២១,៣៤% ស្មើនឹង ៥៧.២៩២គ្រួសារ៕