(កំពង់ចាម)៖ រមណីយដ្ឋានទឹកឆា មានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានចម្ងាយប្រមាណ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម និងពីរាជធានីភ្នំពេញ (វត្តភ្នំ) ប្រមាណ១១២គីឡូម៉ែត្រ បត់ចេញពីផ្លូវជាតិលេខ៧ ត្រង់ផ្សារព្រៃទទឹង។

នៅតំបន់នោះមានសក្ដានុពលទាក់ទាញជាច្រើន រួមមាន៖ ប្រាសាទបុរាណតាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០២៥) និងវត្តព្រះពុទ្ធសាសនានៅជាមួយគ្នា តំបន់ទឹកផុសធម្មជាតិ ដ៏អាថ៌កំបាំង និងហូរតាមប្រឡាយទឹកបុរាណ ដែលអាចទស្សនាលេងកម្សាន្តបាន តំបន់កសិទេសចរណ៍ សួនសត្វ សួនផ្កា វារីអគ្គិសនី ប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រព ដីកសិកម្មនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមួយភាគនៃស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគន្ធ បានឱ្យដឹងថា នៅតំបន់ទឹកឆានេះ មានកន្លែងគួរឱ្យចង់ទស្សនាកម្សាន្តជាច្រើន ដូចជា៖ រមណីយដ្ឋានធម្មជាតិទឹកឆា ក្បាលទឹក សួនសត្វ និងសួនផ្កាចម្រុះ តំបន់កសិទេសចរណ៍ថ្មដាទឹកឆា វត្តអារាម និងប្រាសាទព្រះធាតុទឹកឆា ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ នៅតំបន់រមណីយដ្ឋានក្បាលទឹក និងទឹកឆាទាំងពីរនេះទៀតសោត ក៏មានអាជីវករលក់ដូរបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈទៀតផង។

ក្រោយភ្លើងសង្គ្រាមដ៏សន្ធោសន្ធៅរសាត់បាត់ឆ្ងាយ ហើយប្រទេសកម្ពុជាបានទទួលសន្តិភាពពេញលេញមកវិញនោះ អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត បានខិតខំប្រឹងប្រែងរៀបចំកែច្នៃតំបន់ទឹកឆាដែលមានទឹកផុសពីធម្មជាតិស្រាប់នេះ ឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ ហើយបច្ចុប្បន្ន រមណីយដ្ឋានធម្មជាតិនេះ ក៏ត្រូវបានអាជ្ញាធរប្រគល់ឱ្យក្រុមហ៊ុនវិនិយោគ បង្កើនការអភិវឌ្ឍឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតដែរ។

លោក សោម ធឿន មេការគ្រប់គ្រងនៅរមណីយដ្ឋានទឹកឆា និងអាជីវករលក់ដូរនៅរមណីយដ្ឋានក្បាលទឹក បានអំពាវនាវដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី សូមនាំគ្នាទៅទស្សនាលេងកម្សាន្តនៅរមណីយដ្ឋានទឹកឆា ក៏ដូចជាក្បាលទឹកនេះឱ្យបានច្រើនកុះករ។

លោកស្រី សុខ ឃាង ម្ចាស់អាហារដ្ឋានសុខឃាង សៀងហៃ បានអះអាងថា ហាងរបស់លោកស្រីមានរៀបចំជាខ្ចុះសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្ត និងមានបម្រើសេវាម្ហូបអាហារ ភេសជ្ជៈ ប្រកបដោយការយកចិត្តទុកខ្ពស់ទៅលើបញ្ហាអនាម័យ និងមានបញ្ជាក់តម្លៃត្រឹមត្រូវ។

លោក ជិន វ៉ា ម្ចាស់អាហារដ្ឋានម្លប់ពោធិ៍ក្បាលស្ពាន បានរៀបចំរាប់ថា ខ្យុះដែលលោកជួលឱ្យភ្ញៀវទេសចរនោះ ក្នុងមួយប្រឡោះតម្លែ ២ម៉ឺនរៀលប៉ុណ្ណោះ ហើយភ្ញៀវទេសចរក៏អាចកម្មង់បាយម្ហូបសម្រាប់អាហារថ្ងៃត្រង់ផងដែរ ហើយលោក ក៏ដូចជាអាជីវករដទៃមានការយកចិត្តទុកដាក់ខ្លាំងណាស់ទៅលើបញ្ហាអនាម័យម្ហូបអាហារ សំរាម កាកសំណល់ និងបរិស្ថាននៅជុំវិញតំបន់នោះជាដើម។

ទន្ទឹមនឹងនោះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ក៏បានស្នើយ៉ាងទទូចដល់បណ្ដាភ្ញៀវទេសចរទាំងឡាយ ដែលបានទៅទស្សនារមណីយដ្ឋានទេសចរណ៍ទាំងពីរខាងលើនេះ សូមមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាសំរាម និងកាកសំណល់របស់ខ្លួន ពោលគឺសូមវិចខ្ចប់ និងទុកដាក់នៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ជៀសវាងធ្លាក់ចូលទៅក្នុងទឹក ដែលនាំទៅដល់ការធ្វើឱ្យខូចសោភ័ណភាពទឹកនៅទីនោះ៕

សូមទស្សនាវីដេអូបទយកការណ៍ «កម្មវិធីទេសចរណ៍ប្រចាំសប្ដាហ៍» នៅរមណីយដ្ឋានទឹកឆា-ក្បាលទឹក៖