(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងលោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាលជាមួយនារីជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែ (ម២) រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សមាជិកមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ផងដែរ។

របាយការណ៍បានឱ្យដឹងថា សម្រាប់នារីដែលជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ (ម២) មានចំនួន១០៥៩ ស្ត្រីមានផ្ទៃពោះចំនួន២៦នាក់។ ដោយឡែកប្រភេទជាប់ឃុំស្ត្រីត្រូវចោទចំនួន២១០នាក់, ស្ត្រីជាប់ចោទមានចំនួន១០៣នាក់, ស្ត្រីជាប់ពិរុទ្ធមានចំនួន៥៨២នាក់ និងទណ្ឌិតជាស្ត្រីមានចំនួន៣៣នាក់ កូនតាមម្តាយចំនួន៥៨នាក់ ស្រ្តីចំនួន៣៣នាក់។ 

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលើការលើកលែងទោស ធ្វើយ៉ាងណាសម្រួលដល់ស្រ្តីមួយចំនួន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «មុខសញ្ញា គឺទណ្ឌិតជាស្រ្តី ដែលគប្បីសម្រាលទោស ឬលើកលែងទោស ដោយមិនចាំបាច់រង់ចាំដល់ពេលបុណ្យទានទេ»