(ព្រះសីហនុ)៖ រដ្ឋបាលខេត្តជាប់សមុទ្រទាំង៤ បានបើកសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអ្នកនាំពាក្យ ក៏ដូចជាមន្ត្រីពាក់ព័ន្ធដទៃទៀត ក្នុងបំណងឆ្លើយតបឲ្យទាន់សភាពការណ៍ចំពោះបញ្ហានានា។ សិក្ខាសាលាដែលធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩នេះធ្វើឡើងក្រោមប្រធានបទ «អ្នកនាំ​ពាក្យ​សកម្ម​ឆ្ពោះទៅកាន់ប្រសិទ្ធិភាព មុខមាត់ កត្តិយស ខេត្ត-ក្រុង រួម​ជាមួយ​នឹងកិច្ចថែរក្សា លើកតម្កើងអធិប​តេយ្យ ឯកភាព និងមោទនភាព នៃជាតិរស់ឡើងវិញ»។

សិក្ខាសាលានេះមានរយៈពេល២​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី៦ ដល់ថ្ងៃទី៧ ខែមីនា ​​ក្រោមអធិបតីភាព លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋ​មន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋា​ភិបាល និងលោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្តព្រះសីហនុ​។ សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុបចំនួន​១៤៦នាក់ មកពីមន្ទីរ​អង្គ​ភាព​ខេត្តជាប់សមុទ្រទាំង៤ រួម​មានៈ ខេត្ត​កោះកុង កែប កំពត និងខេត្តព្រះសីហនុ​។

ខេត្តជាប់សមុទ្រទាំង៤រួមមាន៖ ព្រះសីហនុ កោះកុង កំពត និងកែប គឺជាខេត្តដែលកំពុងកំណើនវិនិយោគយ៉ាងគំហុកពីអ្នកវិនិយោគរបស់ចិន។ រឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការវិនិយោគរបស់ចិននៅក្នុងខេត្តទាំងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្តាញសង្គមនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ក្នុងចំណោមព័ត៌មានទាំងនោះ ក៏មានព័ត៌មានខ្លះជាព័ត៌មានចេតនាបំភ័ន្តសាធារណៈមតិ ដែលទាមទារឲ្យមានការឆ្លើយតបឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឲ្យមានព្យសនកម្មណាមួយកើតឡើងពីការផ្សព្វផ្សាយទាំងនោះ។

ដើម្បីទប់ស្កាត់បញ្ហាទាំងនេះសមត្ថភាពរបស់មន្ត្រីអ្នកនាំពាក្យនៅរដ្ឋបាលខេត្តទាំង៤នេះ គឺជាការចាំបាច់បំផុត។ មន្ត្រីនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឱ សារឿន បានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណង​ហ្វឹក​ហ្វឺន​ជំរុញលើកស្ទួយ និងអនុវត្តនយោបាយគាំទ្រដល់​មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាអ្នកនាំ​ពាក្យប្រចាំរាជ​ធានី-​ខេត្ត និង​មន្ត្រីគ្រប់ក្រសួង ក្រោមកិច្ចទទួលខុសត្រូវនៅមូលដ្ឋានរាជធានី-ខេត្តរៀងៗខ្លួន។

លោក យន្ត មីន អភិបាលខេត្តព្រះ​សីហនុ ចាត់ទុកសិក្ខាសាលានេះថា មានគោល​បំណង​ដើម្បី​បំពាក់បំប៉នជំនាញ និងបង្កើនសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ ឲ្យមានលទ្ធភាព ក្នុងការផ្តល់មតិយោ​បល់​​ជាសាធារណៈឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅផ្នែកពាក់ព័ន្ធណាមួយ ប្រកបដោយភាពវិជ្ជមាន និង​បង្កើន​ទំនុកចិត្តដល់​​សាធារណជន​។

លោក យន្ត មីន បន្តថា ​អង្គសិក្ខាសាលានេះ ក៏រំលេចនូវទស្សនៈនយោបាយរបស់សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចពង្រឹងសន្តិភាព និងស្ថេរភាព​នយោ​បាយ ក្នុងទិដ្ឋ​ភាពយុទ្ធសាស្រ្ត និងយុទ្ធវិធី ដែលជាសញ្ញាណនៃប្រសិទ្ធភាព និងឯកភាពជាតិ​។

តាមរយៈសិក្ខាសាលានេះ លោក យន្ត មីន​ ស្នើដល់សិក្ខាកាម​ទាំងអស់ត្រូវយក​ចិត្តទុក្ខដាក់ក្នុងការត្រង់​ត្រាប់​ស្ដាប់ ពិចា​រណា ចំពោះនិយមន័យ វិសាលភាព និងខ្លឹមសារនៃប្រធានបទ «ឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខ​មាត់ កិត្តិយស​ខេត្ត ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើងអធិបតេយ្យភាព និង​មោទនភាព នៃជាតិរស់​ឡើង​វិញ» ដ៏មានសារៈប្រយោជន៍សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ​ និងសម្រាប់ភាពរីកចំរើន ព្រមទាំង​ផ្តល់​ប្រយោជន៍​ដល់​សង្គមជាតិនាថ្ងៃអនាគត៕