(កំពង់ចាម)៖ ស្នងនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ​ឯម កុសល បានដាក់បទបញ្ជាឲ្យមន្ដ្រីនគរបាលគ្រប់ថ្នាក់ទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវតាមដានរាល់ការបង្ហោះព័ត៌មានមិនពិត នៅលើបណ្ដាញសង្គម Facebook ដើម្បីមានវិធានការទាន់ពេលវេលា ក្នុងការទ​ប់ស្កាត់ ឬវិធានការរដ្ឋបាលផ្សេងៗ។

ការដាក់បទបញ្ជាជាថ្មីរបស់លោកឧត្តមសេនីយ៍ស្នងការ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញ និងត្រួតពិនិត្យការអនុវត្តការងារ ប្រចាំខែកុម្ភៈ ផែនការត្រួតពិនិត្យ កងអន្តរាគមន៍ពិសេស ​តាមដានការងារចលនារបស់ក្រុមឧន្ទានខុសច្បាប់ ​ក្រុមមុខសញ្ញាខុសច្បាប់ S១១៨ ក្រុមបំពុលព័ត៌មានតាមបណ្តាញសង្គមខុសច្បាប់ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំដោយមានការចូលរួមពី លោក-លោកស្រីនាយ -ការិយាល័យគ្រប់រូប លោកអធិការនគរបាលស្រុក-ក្រុងទាំង​១០​ លោកស្នងការ ក៏បានដោះស្រាយបញ្ហាដែលនៅសេសសល់ ដាក់ផែនការថ្មីដល់មន្ត្រីក្រោមឱវាទ បម្រើសេវាកម្មសារធារណៈឲ្យល្អប្រសើរ ពេលខាងមុខដោយមានផងដែរ។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឯម កុសល ​បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទ យកចិត្តទុកដាក់ការងារជំនាញជាពិសេ​ស ផែនសន្តិសុខ, គ្រឿងញៀន ព្រហ្មទណ្ឌ, ការងារមិត្តនគរបាល, ពង្រឹងកែទម្រង់ស៊ីជម្រៅរដ្ឋបាលសារធារណៈ ​មានវិធានការទប់ស្តាត់គ្រោះថ្នាក់ចររាចរណ៍ ពង្រឹងទៅលើការបង្រ្កាប​គ្រឿងញៀនព្រហ្មទណ្ឌ ល្បែងស៊ីសងគ្រប់ប្រភេទ។

លើសពីនេះ ត្រូវតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះការបង្ហោះព័ត៌មានមិនពិត តាមបណ្តាញសង្គម Facebook ​ពង្រឹងការងារ ប្រជាការពារ ភូមិ ឃុំ មានសុវត្ថិភាព និងបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យ​បានល្អប្រសើរ ដោយគ្មាន​ការរើសអើងប្រកាន់​វណ្ណៈ ​រស់នៅចេះស្រលាញ់ និងសាមគ្គីភាព៕