(ត្បូងឃ្មុំ)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោកស្រី ឡេង សុខា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានលើកឡើងថា រយៈពេលពេញមួយឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជាខេត្ត សម្រេចបានលទ្ធផលក្នុងការ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះជួបនូវគ្រោះមហន្តរាយនានា ជាពិសេសទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ រលំផ្ទះរបើកដំបូល លង់ទឹក ភ្លើងឆេះផ្ទះ បាក់ច្រាំង សរុបចំនួន១១,៥៦៣។

គ្រួសាររងគ្រោះបានការយកចិត្តទុកដាក់ឧបត្ថម្ភជាថវិកា សម្ភារ ព្រមទាំងគ្រឿងឧបភោគ/បរិភោគ តាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដោយរបស់របរចែកជូនពលរដ្ឋរងគ្រោះ ទទួលបានពី កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ពីសាខាកាកបាទក្រហមខេត្ត បណ្តាអនុសាខាក្រុង/ស្រុក ក៏ដូចជាទទួលដោយផ្ទាល់ពីសប្បុរសជននានាផងដែរ។

លោកស្រី បញ្ជាក់ថា ក្នុងនោះនាពេលគ្រោះទឹកជំនន់នាកាលពីខែសីហា និងកញ្ញា ឆ្នាំ២០១៨កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចុះមក ចែកអំណោយ ដោយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់បាន២លើក នៅស្រុកត្បូងឃ្មុំ និងនៅស្រុកក្រូចឆ្មារ ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមថ្នាក់កណ្តាលផ្សេងទៀតសរុប៦,៥៧៤ គ្រួសារផងដែរ។

លោកស្រី ឡេង សុខា បន្តឲ្យដឹងថា សាខាកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការងារសង្គម ជាពិសេសការងារជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដូចជាជនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ គ្រោះមហន្តរាយទឹកជំនន់ ខ្យល់កន្ត្រាក់ និងភ្លើងឆេះផ្ទះជាដើម។

លោកស្រី ឡេង សុខា ក៏បានជំរុញឲ្យគណៈកម្មាធិការសាខា អនុសាខាទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងលើវិស័យស្នូលទាំងបួន របស់កាកបាទ ក្រហមកម្ពុជារួមមាន ទី១៖ ការឆ្លើយតបគ្រោះមហន្តរាយ, ទី២៖ ការងារសុខភាព និងការថែទាំ សុខភាពសហគមន៍, ទី៣៖ ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធម៌ និងទី៤៖ ការងារអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដើម្បីសម្រេចបាននូវ ការងារជាអាទិភាពរបស់ខ្លួន ក្នុងសកម្មភាពមនុស្សធម៌ ឲ្យកាន់តែខ្លាំងក្លាថែមទៀត៕