(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហាប្រសើរ នៃការចូលរួមអបអរខួបទី១០៨ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ និងក្នុងដំណាក់កាលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈប្រធានបទ «ពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ចាកផុតពីព្រះរោគាព្យាធិនានា ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ជាអង្វែងតរៀងទៅ។

ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះកតញ្ញុកតវេទិតាធម៌យ៉ាងធំធេង ចំពោះព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានថ្វាយព្រះរាជតម្រិះគាំទ្រ ប្រធានបទនៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ និងការលើកទឹកចិត្តស្ត្រីគ្រប់រូបឱ្យចូលរួមអនុវត្តគោលនយោបាយជាតិ គាំពារសង្គម និងខិតខំប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបានទស្សនទាន អភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លើសពីនេះទៀត ខ្លឹមសារព្រះរាជសារដ៏មានសារៈសំខាន់នេះ បានប្រោសប្រទានកម្លាំងចិត្តយ៉ាងធំធេងដល់ខ្ញុំម្ចាស់ និងសហការី ឱ្យកាន់តែមានឆន្ទៈមោះមុតខ្លាំងក្លាថែមទៀត ក្នុងការបំពេញការងារមនុស្សធម៌ តាមព្រះរាជគន្លងព្រះវីរៈគំរូមនុស្សធម៌ដ៏ឆ្នើម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ក្រោមម្លប់ដ៏ត្រជាក់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំម្ចាស់ សូមលើកហត្ថប្រណមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំ២០១៩នេះ សូមប្រោសព្រះរាជទានព្រះពរជ័យ មហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ដ្រជា កូន ចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនតរៀងទៅ។

សូមក្រាបបង្គំទូលថ្វាយនូវខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖