(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្រាប់ពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៨ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងការសាទរចំពោះសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្ម សម្រេចបាននៅក្នុងឆ្នាំ២០១៧។

ជាមួយកំណើននៃការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធគិតជាទឹកប្រាក់ចំនួន ៩,៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧ ពោលគឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កំណើនពាណិជ្ជកម្ម គួរឲ្យកត់សម្គាល់នេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមចំណែកយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការធ្វើសកម្មភាពពាណិជ្ជកម្មទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ»។ «តាមការព្យាករណ៍ បានបង្ហាញឲ្យឃើញថា ឆ្នាំ២០១៧ និងឆ្នាំ២០១៨ កម្ពុជារំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ច ប្រមាណ ៦,៩%»។

ជាមួយនឹងការអបអរសាទរនេះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើការបន្តអនុវត្តន៍គោលនយោបាយ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មជូនវិស័យឯកជន ជាពិសេសការធ្វើពិពិធកម្មទីផ្សារថ្មីៗបន្ថែម សម្រាប់ឈានទៅធ្វើសមាហរណកម្មផលិតផលក្នុងស្រុក ចូលទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនោះផងដែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបានសំណូមពរមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រកាន់ខ្ជាប់នូវវប្បធម៌ការងារល្អនេះបន្តទៀត ដើម្បីនាំមកនូវភាពរីកចម្រើន ក៏ដូចជាសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាណិជ្ជកម្មរបស់កម្ពុជាទាំងមូល ជាពិសេសចូលរួមលើកស្ទួយដល់ការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕