(ប៉ៃលិន)៖ ថវិកាសរុបចំនួន ១០០លានរៀល ដែលជាបច្ច័យបានពីអង្គកឋិនទាន ត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងអាជ្ញាធរខេត្តប៉ៃលិនសហការជាមួយគណៈការពារព្រំដែនខេត្តចន្ទបុរី-ត្រាត នៃប្រទេសថៃ ដង្ហែនាំយកទៅប្រគេនជូនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តសន្តិមារាម (ហៅវត្តអូរច្រា) ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរច្រា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពិធីដ៏នក្ខត្តឫក្សនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក កើត សុធា អភិបាល ខេត្តប៉ៃលិន និងលោកឧត្តមសេនីយត្រី ណុបផៈដុន បញ្ញាឆោម មេបញ្ជាការរងយុទ្ធភូមិភាគខេត្តច័ន្ទបុរី-ត្រាត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម និងសាលាខេត្តប៉ៃលិន ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តសន្តិមារាមយ៉ាងច្រើនកុះករ។

បន្ទាប់ពីការធ្វើពិធីតាមលំអានប្រពៃណីព្រះពុទ្ធសាសនារួចហើយនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តប៉ៃលិន រួមទាំងគណៈការពារព្រំដែនខេត្តចន្ទបុរី-ត្រាតប្រទេសថៃ មន្ត្រីរាជការ និងអ្នកចូលរួមទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួននៅក្នុងពិធីបុណ្យកឋិនសាមគ្គីនេះ។

លោករដ្ឋមន្រ្តី បានបួងសួងសូមឲ្យបុណ្យកុសលកើតចេញពីការធ្វើបុណ្យកឋិនទាន នាំមកនូវសេចក្តីចម្រើនដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម រួមទាំងសាលាខេត្តប៉ៃលិន ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកចូលរួមទាំងអស់ ហើយក៏បានបួងសួងសុំឲ្យអំណាចនៃកុសលផលបុណ្យ ដែលចេញពីអង្គកឋិនទាន ជួយឃុំគ្រងបីបាច់ថែរក្សាប្រទេសកម្ពុជា សូមបានជួបតែសុខសន្តិភាព និងការរីកចម្រើនជារៀងរហូត។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំពិធីបុណ្យកឋិនទាន នៅក្នុងវត្តសន្តិមារាម (ហៅវត្តអូរច្រា) នាក្រុងប៉ៃលិនឆ្នាំនេះ ដើម្បីរួមចំណែកលើកតម្កើងពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ និងដើម្បីរឹតចំណងមេត្រីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ជាមួយអាជ្ញាធរខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជា និងគណៈការពារព្រំដែនខេត្តចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃឡងដ៏៕