(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧នេះ បានផ្ញើសារថ្លែងអំណរគុណដល់កម្មករ កម្មការិនីទាំងអស់ ដែលតែងតែផ្តល់ការស្រឡាញ់រាប់អានគាំទ្រដល់រូបសម្តេច ជាពិសេសតែងបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាតាំងពីអាណត្តិមុនៗមកដល់ពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងការផ្ញើសារអរគុណដល់កម្មករ កម្មការិនីហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យជនរួមជាតិទាំងអស់ បានសុខសប្បាយក្នុងថ្ងៃឈប់សម្រាកនេះ ហើយក៏បានដាស់តឿន​ក្រើនរំលឹកឲ្យបើកដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសពេលមានភ្លៀងធ្លាក់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

សូមបញ្ជាក់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ។ ការចុះជួបដោយផ្ទាល់នេះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

រហូតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយតំណាង និងកម្មករ កម្មការិនីចំនួន១១លើកហើយ។ ក្នុងនោះសម្តេចបានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្តារោងចក្រនានាក្នុងរាជាធានីភ្នំពេញចំនួន ៣៩៨រោងចក្រ ស្មើនិង ២២,៣៩១នាក់ និងបានជួបកម្មករនិយោជិតចំនួន ១៤៣រោងចក្រ មានកម្មករនិយោជិតចូលរួម ៨៦,១៩០នាក់។

តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សានិងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។

កញ្ចប់អត្ថប្រយោជន៍ដែលសម្តេចបានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។

* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។

* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល៕