(ស្វាយរៀង)៖ ទម្ងន់គ្រាប់បែកជាច្រើនប្រភេទរបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់នៅក្នុងសម័យសង្រ្គាមនាអំឡុងទសវត្សរ៍ឆ្នាំ៦០-៧០ មិនត្រឹមតែបានសម្លាប់ បង្កទុក្ខទោស នាំទុក្ខវេទនាសម្រាប់ពលរដ្ឋខ្មែរនៅអំឡុងពេលប្រតិបត្តិការទម្លាក់គ្រាប់ប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលគ្រាប់ទាំងអស់នេះនៅតែបន្តយាយី និងបង្កការលំបាកដល់ប្រជាពលរដ្ឋខ្មែរមកដល់ពេលបច្ចុប្បន្នផងដែរ។

ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង មានព្រំដែនជាប់ប្រទេសវៀតណាម ក៏ជាទីកន្លែងដែលរងនូវការទម្លាក់គ្រាប់បែករបស់អាមេរិកយ៉ាងខ្លាំងក្លាផងដែរនៅអំឡុងពេលសង្រ្គាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ដែលមានអាមេរិកជាខ្នងបង្អែកនោះ។ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះប្រជាពលរដ្ឋក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ៨នាក់ បានទទួលរងឥទ្ធិពលគ្រាប់បែកគីមី បន្ទាប់ពីពួកគេបានប្រទះឃើញគ្រាប់បែកគីមីរបស់អាមេរិកនៅក្នុងដីចំការ ហើយនាំគ្នាទៅប៉ះពាល់វា។

អ្នករងគ្រោះទាំង ៨នាក់នោះ សុទ្ធតែជាយុវជនដែលមានវ័យជំទង់ ហើយមាននារីម្នាក់ផងដែរ។ បើតាមយុវជនដែលបានទៅកាយ និងប៉ះពាល់គ្រាប់បែកគីមីនោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានប្រទះឃើញគ្រាប់បែកនោះ ហើយព្រោះតែការចង់ដឹង និងមិនបានដឹងពីឥទ្ធិពលដ៏សាហាវរបស់គ្រាប់បែកគីមីនោះ រូបគេក៏បានយកដៃទៅចាប់កាន់គ្រាប់បែកគីមីនោះផងដែរ។

រៀបរាប់ប្រាប់ Fresh News ទាំងដៃជាប់សឺរ៉ូមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង យុវជនដែលបានទៅកាយដី និងប៉ះពាល់គ្រាប់បែកគីមីនេះ បានបន្តថា «គ្រាប់បែកនោះវាមានច្រេះស៊ីអស់ហើយ ហើយទំហំវាប៉ុនធុងសាំង។ ខ្ញុំឆ្ងល់ថា វានឹងជាស្អីគេ ខ្ញុំក៏កាយ និងទាញដែកដែលព័ទ្ធជុំវិញមើល»។

យុវជនរូបនេះ បន្តថា បន្ទាប់ពីរូបគេបានប៉ះជាមួយគ្រាប់បែកគីមីនោះហើយ គេក៏បានយកដៃមកប៉ះលើផ្ទៃមុខ ក៏ធ្វើឲ្យឡើងរមាស់ទាំងផ្ទៃមុខ ហើយក៏រមាស់ដល់ដៃជើងផងដែរ។ យុវជនរូបនេះរៀបរាប់បន្តថា ដោយមិនអាចទ្រាំរមាស់បានរូបគេ ក៏បានយកទឹកសម្រាប់ផឹកមកលុបលាងមុខ ក៏បានធូរបន្តិច។ ប៉ុន្តែអ្វីដែលមិនអាចទ្រាំបាននោះ គឺឥទ្ធិគ្រាប់បែកគីមីនោះ បានធ្វើឲ្យរូបគេឆួលច្រមុះ ក្រហាយភ្នែក និងថប់ដង្ហើមភ្លាមៗផងដែរ។

ក្រុមជនរងគ្រោះ៧នាក់ផ្សេងទៀត បើទោះបីមិនបានប៉ះពាល់ដោយផ្ទាល់ជាមួយគ្រាប់បែកគីមី ដោយគ្រាន់តែឈរនៅជុំវិញនោះក្តី ក៏ពួកគេត្រូវបានទទួលរងឥទ្ធិពលគ្រាប់បែកគីមីនេះ ហើយកើតមានអាការៈដូចៗគ្នាផងដែរ។ ក្រុមយុវជនទាំង៨នាក់ ត្រូវបានអាជ្ញាធរបញ្ជូនទៅសង្រ្គោះបន្ទាន់ទាំងយប់នៅមន្ទីរពេទ្យបង្អែក បន្ទាប់ពីទទួលបានដំណឹងពីសាច់ញាតិរបស់ពួកគេ។

ជាសំណាងល្អដែលការរងនូវឥទ្ធិពលគីមីនោះមិនធ្ងន់ធ្ងរ ហើយការសង្រ្គោះបានទាន់ពេលវេលានោះ ហេតុការណ៍នេះមិនបានប៉ះពាល់ដល់អាយុជីវិតរបស់ជនរងគ្រោះទាំង៨នាក់នោះឡើយ។ ក្រុមជនរងគ្រោះត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រៅពីគ្រាប់បែកដែលបានបង្កគ្រោះថ្នាក់ដល់យុវជនទាំង៨នាក់នោះ នៅមានគ្រាប់មួយចំនួន បានបន្សល់នៅក្នុងភូមិឋានរបស់ពួកគេផងដែរ។ បើទោះបីមិនបានរងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក្តី ក៏ក្រុមយុវជនទាំងនេះ បានទទូចសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសហរដ្ឋអាមេរិក ដែលជាម្ចាស់គ្រាប់បែកគីមីទាំងនេះ ជួយយកគ្រាប់បែកដ៏គ្រោះថ្នាក់នេះចេញពីភូមិឋានរបស់ពួកគេ។ ក្រុមយុវជនទាំងនេះ មិនចង់ឃើញគ្រាប់បែកគីមីបន្សល់ពីសម័យសង្រ្គាមទាំងនេះ បន្តយាយី និងបង្កទុក្ខទោសដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិរបស់ពួកគេទៀតនោះទេ។

សូមបញ្ជាក់ថា នៅក្នុងឃុំគគីរនេះ ក្រៅពីគ្រាប់បែកគីមីចំនួនពីរគ្រាប់ ដែលបានរកឃើញក្នុងវត្តគគីរទៅ បច្ចុប្បន្នមានគ្រាប់បែកគីមីនៅទីតាំងចំនួន ៥ផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ទៅអាជ្ញាធរផងដែរ។ លោក កេរ ដា អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី ដែលកំពុងដឹកនាំកម្លាំងប្រតិបត្តិការបោសសំអាតគ្រាប់បែកគីមីនៅតំបន់នោះ បានថ្លែងថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋក្រុមការងារលោកបានចុះទៅដល់ និងបានឃើញវត្តមានគ្រាប់បែកទាំងនោះផងដែរ។

លោក កេរ ដា ថ្លែងថា គ្រាប់បែកទាំងនេះត្រូវតែធ្វើការបោសសំអាត និងយកចេញពីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋ៕