(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតសរុប ៤,៦១០នាក់នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាដែលពួកគេកំពុងប្រឈម។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកពីរថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និយោជិត។ ក្នុងនោះថ្ងៃអាទិត្យ ជួបសំណេះសំណាលជាមួយតំណាងរបស់កម្មករ និយោជិត ហើយថ្ងៃពុធ គឺសម្តេចចុះសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងរបស់កម្មករ និយោជិត និងជួបសំណេះសំណាលដោយជាមួយកម្មករ កម្មការិនីដោយផ្ទាល់នៅតាមរោងចក្រជាច្រើនម៉ឺននាក់រួចមកហើយ។ ក្នុងកិច្ចសំណេះសំណាលទាំងនោះ សម្តេចតេជោ ហ៊ុន សែន តែងបានលើកបង្ហាញជាច្រើនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានានៅកម្ពុជាបង្កើនការងារជូនកូនចៅប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីកិច្ចខិតខំ និងការយកចិត្តទុកដាក់ជាច្រើនទៀត ដើម្បីជំរុញដល់ការដំឡើងប្រាក់ខែជូនដល់កម្មករ និងការងារមួយចំនួនទៀតក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត ដូចជាការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ស្នាក់នៅរបស់កម្មករកាត់បន្ថយការចំណាយ។

សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអំពាវនាវដល់កម្មករ កម្មការិនី ឲ្យខិតខំ និងយកចិត្តទុកដាក់ធ្វើការងារ ដើម្បីរក្សាការងារកំពុងមាននៅក្នុងដៃរបស់ខ្លួន។ នៅកម្ពុជានាពេលបច្ចុប្បន្នមានរោងចក្រ សហគ្រាសលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សរុប១,១០៧ និងមានកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាង ៧៤ម៉ឺននាក់។ តាមរយៈវិស័យនេះ ផ្តល់ចំណូលប្រមាណជា ២ពាន់លានដុល្លារអាមេរិក ហើយផ្តល់ការងារជូនប្រជាពលរដ្ឋដោយប្រយោលជាង ៣លាននាក់ផ្សេងទៀត។

ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតឲ្យកាន់តែប្រសើរសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

ចាប់ពីខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ដែលបានចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។

ចាប់ពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យកម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តី រាជការផងដែរ។ ប្រាក់នេះ សម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ តាមរយៈកញ្ចប់អត្ថប្រយោជន៍ថ្មីជាច្រើននេះ ដែលសម្តេចផ្តល់ជូនកម្មករ និយោជិតនេះ គេរំពឹងថា នឹងជួយឲ្យជីវភាព និងការរស់នៅរបស់កម្មករ និយោជិត កាន់តែល្អប្រសើរ។

លើសពីនេះទៀតចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០រៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថៅកែរោងចក្រ សហគ្រា ឲ្យចុះឈ្មោះចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យកម្មការិនីទទួលបានអត្ថប្រយោជន៍នេះ៕