(ភ្នំពេញ)៖ ចំពោះការដឹងគុណ តបស្នងសងគុណដល់មាតាបិតា និងបុព្វការីជនរបស់ខ្លួន ក្នុងរដូវភ្ជុំបិណ្ឌ គឺជាករណីកិច្ចដ៏ចំាបាច់បំផុត សម្រាប់បុត្រធីតាម្នាក់ៗ ដើម្បីបង្ហាញពីកតញ្ញូតាធម៌របស់ខ្លួនទៅដល់អ្នកមានគុណ ទំាងលោកនេះ និងលោកខាងមុខ។ តើបុត្រធីតាដឹងគុណមាតាបិតា មានសិរីមង្គលបែប ណា?

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ការដឹងគុណក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សូមបុត្រធីតាទំាងទ្បាយមេត្ដាជ្រាបថា ចំពោះជនណាដែលជាកតញ្ញូកតវេទីបុគ្គល ឬជនដែលគោរពតបស្នងសងគុណមាតាបិតា និងបុព្វការីជនរបស់ខ្លួន គឺជននោះរមែងបានទទួលនូវកុសលផល្លានិសង្ស គឺមានអាយុវែង មានមនុស្សនិងទេវតាកោតសរសើរ ទេវតានិងជួយថែរក្សាឲ្យបានជួបតែសេចក្ដីសុខក្សេមក្សាន្ដ ដោយគេចផុតពីឧបសគ្គតូចធំ ផងទំាងពួង ទំាងបច្ចុប្បន្ន និងបរលោក ពិសេសក្រោយពេលស្លាប់ទៅ រមែងបានទទួលនូវសេចក្ដីរីករាយជាភិយ្យោភាព ក្នុងទីឋានបរមលោក តាមសមគួរដែលបានសាង។

លើសពីនេះទៀត ចំពោះកតញ្ញូកតវេទីបុគ្គលទំាងនេះ ប្រសិនបើមានកូនចៅ គឺកូនចៅទំាងនោះនិងយកតម្រាប់តាមឪពុកម្ដាយខ្លួនជាបន្ដទៀត ដោយគ្មានខ្វះចន្លោះអ្វីទ្បើយ ព្រោះគេធ្លាប់បានដឹង បានឃើញផ្ទាល់នឹងភ្នែក នូវរាល់សកម្មភាពតបស្នងសងគុណរបស់ឪពុកម្ដាយខ្លួន ដោយចាប់ពីការដឹងក្ដីមកនេះឯង។ ទំាងនេះគឺជាហេតុញំាងដល់ទឹកចិត្ដបុត្រធីតាទំាងនោះ ឲ្យមានចិត្ដត្រជាក់ ចិត្ដបុណ្យ ចិត្ដកុសល ហើយព្យាយាមគោរពប្រតិបត្ដិឪពុកម្ដាយខ្លួន មិនឲ្យល្អៀងអ្វីសោះទ្បើយ។នេះហើយ គឺជាធម៌ដឹងគុណ។

លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងការដឹងគុណនេះ សព្វថ្ងៃយើងឃើញសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា គឺលោកជាកតញ្ញូកតវេទីបុគ្គលមួយរូប ដែលពោលពេញដោយទឹកចិត្ដតបស្នងសងគុណដល់ឪពុកម្ដាយ និងដឹងគុណដល់បុព្វការីជនរបស់លោក យ៉ាងប្រពៃថ្លៃថ្លាបំផុត ជាក់ស្ដែង លោកបានរៀបចំសាងសង់ព្រះបរមរូបសម្ដេចឪ(ព្រះបរមរតនកោដ្ឋ) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង, ព្រះបរមរូបអ្នកប្រាជ្ញព្រះពុទ្ធសាសនា អក្សរសាស្រ្ដខ្មែរសម្ដេចសង្ឃរាជ ជួន ណាត, រូបសំណាកភារម្យក្រម ង៉ុយ ហៅ (អ៊ូ) និងរូបសំណាកបុព្វការីជនដ៏ឆ្នើមៗផ្សេងៗទៀត យ៉ាងពាសពេញផ្ទៃប្រទេស លើសពីនេះទៀតគឺសម្ដេចតេជោ តែងតែនឹករលឹកដល់ឧបការៈគុណដល់បុព្វការីជនទំាងទ្បាយនេះ មិនដែលភ្លេចម្ដងណាទ្បើយ។ នេះសម្ដេច គឺពិតជាបានបង្ហាញឲ្យឃើញថា «គ្មានបុណ្យអ្វី ប្រសើរថ្លៃថ្លាជាងគុណកតញូនោះទេ»។

ក្នុងន័យនេះផងដែរ បើនិយាយអំពីកិច្ចបុត្រធីតាប្រតិបត្ដិ ដល់គុណមាតាបិតា មានជាអាទិ៍៖ទី១៖ កូន គប្បីចិញ្ជឹមមាតាបិតា ទី២៖ កូន គប្បីធ្វើកិច្ចការជំនូសមាតាបិតា ទី៣៖កូន គប្បីតម្កល់វង្សត្រកូលមាតាបិតាទុកឲ្យល្អ ទី៤៖កូន គប្បីរក្សាមរតកមាតាបិតាឲ្យបានសមគួរ និងទី៥៖កូន គប្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនរបស់ខ្លួន។

ហេតុនេះ ចំពោះបុត្រធីតាទំាងទ្បាយណា បើបានប្រតិបត្ដិនូវគុណទំាងនេះ គឺបុរាណបណ្ឌិតលោកកំណត់ថា «បុត្រធីតាទំាងនោះ គឺបានធ្វើខ្លួនឲ្យស្ថិតនៅក្នុងសភាពជាមនុស្សដ៏ប្រសើរ ឧដុង្គឧត្ដមខ្ពង់ខ្ពស់ មានចិត្ដគំនិតយ៉ាងប្រពៃថ្លៃថ្លាបំផុត»។ ប៉ុន្ដែបើបុត្រធីតាទំាងទ្បាយណា មិនបានតបស្នងគុណមាតាបិតាទេ គឺបុរាណបណ្ឌិតលោកកំណត់ថា «បុត្រធីតាទំាងនោះ គឺគ្រាន់តែមានសភាពរាងកាយជាមនុស្ស តែចិត្ដគំនិតបានក្លាយទៅជាសត្វតិរិច្ឆានទុរយសទំាងស្រុងរួចទៅហើយ»។

ជាសរុបលោក បញ្ជាក់ថាចំពោះការដឹងគុណ គឺជាប្រពៃណីដ៏ល្អផូរផង់បស់ខ្មែរយើង។បានន័យថា ការដឹងគុណផ្សារភ្ជាប់និងប្រពៃណីទំនៀមទម្លាប់ ដោយយ៉ាងហោចណាស់ក៏មួយឆ្នាំយើង មានពីរដងធំៗដែរ គឺទីមួយ៖ បុណ្យចូលឆ្នាំថ្មី និងទីពីរ៖ បុណ្យភ្ជុំបិណ្ឌនេះ ហើយដែលសព្វថ្ងៃគឺប្រទេសខ្លះ គេឥតមានប្រពៃណីដូចយើងទេ តែគេបែរជាខំបង្កើតឲ្យមានថ្ងៃប្រារព្វទិវារំឭកគុណមាតាបិតា ដូចយើងឃើញសព្វថ្ងៃ៕