(ភ្នំពេញ)៖ មុនឈានដល់ក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចបិទអង្គការមាតាធម្មជាតិនោះ ឯកសារបានទម្លាយថា តាមពិតអង្គការមួយនេះ បានកើតមានជម្លោះផ្ទៃ ជាក្នុងយូរណាស់មកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ហើយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ប្រធានអង្គការមួយនេះ បានដាក់លិខិតជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យបិទអង្គការរបស់ខ្លួនតែម្ដង។ (លិខិតនៅខាងក្រោម)

តាមរយៈឯកសារបែកធ្លាយ ដែលជាកំណត់ហេតុប្រជុំផ្ទៃក្នុង ​ហើយមានស្នាមមេដាយទទួលស្គាល់ដោយ ព្រះតេជគុណ ព្រហ្ម ធម្មជាតិ ប្រធានអង្គការមាតាធម្មជាតិ បានបញ្ជាក់ថា «រំលាយអង្គការនេះ ព្រះតេជគុណប្រធានអង្គការសន្និបាត បានលើកឡើងថា ដោយកន្លងមក លោក Alejandro Gonzales Davidson​ ជាអនុប្រធានអង្គការ បានយកត្រារបស់អង្គការទៅប្រើប្រាស់តាំងពីឆ្នាំ២០១៣ និងបានធ្វើសកម្មភាពផ្ទុយទៅនឹងលក្ខន្ដិកៈរបស់អង្គការ និងបង្កបញ្ហាស្មុគស្មាញជាច្រើន ដល់ពួកយើងរហូតត្រូវបានរាជរដ្ឋាភិបាលបណ្ដេញចេញពីប្រទេស ហេតុនេះដើម្បីកុំឲ្យមានបញ្ហាដល់អង្គការតទៅទៀត ខ្ញុំព្រះករុណា សូមប្រកាសរំលាយអង្គការមាតាធម្មជាតិ ចាប់ពីពេលនេះតទៅ (ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧)»។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំភ្លាមនោះ ព្រះតេជគុណ ព្រហ្ម ធម្មជាតិ ដែលជាប្រធានអង្គការមួយនេះ បានដាក់លិខិតស្នើទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីសុំរំលាយអង្គការមាតាធម្មជាតិ បន្ទាប់ពីមានការឯកភាពគ្នាក្នុងកិច្ចប្រជុំរួចមកហើយនោះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅវេលាថ្ងៃត្រង់នេះឲ្យដឹងថា ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសសម្រេចលុបចោលអង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ​។

សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសម្រេចយ៉ាងដូច្នេះថា៖ «ប្រការ១៖ ត្រូវបានលុបឈ្មោះ «អង្គការមាតាធម្មជាតិ» ដែលមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ»​៕