(ភ្នំពេញ)៖ អ្នកវិនិយោគទុនកម្ពុជា-តៃវ៉ាន់ បានបោះទុនប្រមាណ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់អគារភ្លោះ CEO KT PACIFIC កម្ពស់៣៣ជាន់ ដែលជាអគារពាណិជ្ជកម្ម ការិយាល័យ និងជាលំនៅឋានដ៏ប្រណិត នៅទល់មុខវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ដែលគម្រោងនេះ ជាកិច្ចសហការរវាងក្រុមហ៊ុន KT Pacific និង Lixin Group ដោយត្រូវការសាសង់រយៈពេល៣ឆ្នាំ ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០១៧ នឹងបញ្ចប់នៅចុងឆ្នាំ២០២០។

លោក ស៊ី មីង ចាវ (Hsu Ming Chao) នាយកប្រតិបត្តិក្រុមហ៊ុន Lixin Group បានថ្លែងនៅក្នុងពិធីសម្ពោធគម្រោងអគារ CEO KT PACIFIC នៅថ្ងៃទី២៩សីហានេះថា គម្រោងវិនិយោគរួមនេះ មានទឹកប្រាក់ប្រមាណ២៥០លានដុល្លារអាមេរិក កម្ពស់៣៣ជាន់ ដែលមានផ្ទៃក្រឡាសរុប ៩៤,៩១៩ម៉ែត្រក្រឡា និងមាន៩៧២យូនីត ដែលក្នុងនោះអគារការិយាល័យចំនួន១០៦យូនីត។

លោកបន្ដថា អគារទំនើបនេះជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម សាលប្រជុំ ការិយាល័យធ្វើការ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណនិងអគារស្នាក់នៅ ដោយគ្រប់ផ្នែក នៃអគារ បានត្រូវរចនាយ៉ាងប្រណីត និងបំពាក់ឧបករណ៍ទំនើបៗ ហើយស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងនៅក្នុងតំបន់ពាណិជ្ជកម្ម ហើយនៅជុំវិញ មានទីស្តីការគណៈរដ្ឋមន្ត្រី ទីស្តីការនាយករដ្ឋមន្ត្រី រដ្ឋសភា អគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ា និងផ្សារទំនើបផាកសិន ជាដើម។

លោក ស៊ី មីងមីង (Xu Ming Ming) តំណាងក្រុមហ៊ុន KT PACIFIC បានថ្លែងផងដែរថា ចំណុចពិសេសនៃគម្រោងនេះ គឺមានអាងហែលទឹកលំដាប់សណ្ឋាគារផ្កាយ៥ នៅជាន់ទី៣៣ ដែលអាចមើលឃើញរាជធានីភ្នំពេញទាំងមូល ។ចំណែកអគារ បានត្រូវរចនាឡើងដោយប្រើប្រាស់ដែកថែបជាខ្សែកោង និងផ្នែកខាងលើ សាងសង់ឡើងជារូបរាងពពក បំពាក់ដោយភ្លើងម៉ូដទាន់សម័យ។

ក្នុងឱកាសនោះ លោកស្រី ឧបនាយកនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានថ្លែងផងដែរថា គម្រោងអគារ CEO KT PACIFIC បានរួមចំណែកអភិវឌ្ឍ រាជធានីភ្នំពេញ ផ្តល់បទពិសោធន៍ល្អៗផ្នែកវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា ព្រមទាំងជួយផ្តល់ការងារ និងចំណូលដល់កម្មករ និងបុគ្គលិកកម្ពុជាជាច្រើន។ការវិនិយោគទុនចម្រុះតៃវ៉ាន់ កម្ពុជា នេះបានកើតឡើង ចំពេលកម្ពុជា កំពុងមានស្ថានភាពសេដ្ឋកិច្ច និងស្ថិរភាពនយោបាយល្អ និងគោលនយោបាយគាំទ្រដល់អាជីវកម្ម។

លោកស្រី ឧបនាយកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថាគម្រោងអគារនេះបានបញ្ជាក់ពីភាពរស់រវើកនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម អចលនទ្រព្យ និងសំណង់។ការនាំមកនូវអគារទំនើបប្រណីតខ្នាតអន្តរជាតិ ដែលមានសោភណភាព លម្អដោយសួនច្បារ និងមានចំណតរថយន្តយ៉ាងសមរម្យ ដែលនឹងលេចចេញរូបរាងនាពេលខាងមុខនេះ នឹងធ្វើឱ្យកាន់តែឃើញច្បាស់ ពីសក្តានុពលនៃការទាក់ទាញវិនិយោគទុនបរទេស។

លើសពីនោះ លោកស្រីឧបនាយកនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា «ជោគជ័យរបស់គម្រោងអគារ CEO KT PACIFIC នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ចំណូលឱកាសការងារ ដល់ប្រជាពលរដ្ឋ ដែលជាកត្តាចាំបាច់ ក្នុងការកាត់បន្ថយភាពក្រីក្រ ។ជាងនេះទៅទៀត នឹងរួមចំណែកក្នុងការងារនគរូបនីយកម្ម ការអភិវឌ្ឍរាជធានីភ្នំពេញ និងកាត់បន្ថយចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង»

ទន្ទឹមនឹងនោះ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា គម្រោងវិនិយោគ CEO KT PACIFIC នឹងជួយលើកសម្រស់សោភណភាពទីក្រុងភ្នំពេញ និងជួយបំពេញសេចក្តីត្រូវការ ផ្នែកអចលនទ្រព្យ ដល់ប្រជាពលរដ្ឋខ្មែរ និងបរទេស ដែលចូលចិត្តរស់នៅបែបស៊ីវីល័យ៕