(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមកីឡាប៉េតង់ ដែលដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារី ដោយវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ រួមទាំងប្រតិភូមួយចំនួន បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។ នេះបើយោងតាមកម្មវិធី នៃការធ្វើដំណើរមាតុភូមិវត្តន៍របស់ប្រតិភូ ថ្នាក់ដឹកនាំ និងអត្តពលិកកម្ពុជា។

ដោយឡែកវីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងកីឡាករគុនខ្មែរ ឃឹម ឌីម៉ា ដែលឈ្នះមេដាយមាស SEA Games ដូចគ្នាដែរនោះ នឹងធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃបន្ដបន្ទាប់ ពោលគឺ សៀវម៉ី នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣០ ខែសីហា និងកីឡាករ ឃឹម ឌីម៉ា រួមទាំងប្រតិភូ និងអត្តពលិកទាំងអស់ ត្រូវធ្វើដំណើរមកមាតុភូមិរបស់ខ្លួន បន្ទាប់ពីចូលរួមពិធីបិទការប្រកួតផ្លូវការនៅរាត្រីថ្ងៃទី៣០ ខែសីហាស្អែករួច។

សូមបញ្ជាក់ថា ស៊ីហ្គេមឆ្នាំនេះ កម្ពុជាបានបញ្ជូនអត្តពលិក ២៤ប្រភេទកីឡាទៅចូលរួម ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី១៥-៣០ ខែសីហា ហើយជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសរុប ១៧វិញ្ញាសា រួមមានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១២ ដែលដណ្ដើមបានដោយក្រុមកីឡាប៉េតង់ (មាស១ ប្រាក់១ និងសំរឹទ្ធ៣), កីឡាគុនខ្មែរ (មាស១ ប្រាក់១ និងសំរឹទ្ធ២), កីឡាតេក្វាន់ដូ (មាស១ និងសំរឹទ្ធ៣), កីឡាសីឈីនឡូន (សំរឹទ្ធ២), កីឡាវាយកូនបាល់ (សំរឹទ្ធ១) និងកីឡាជិះសេះ (សំរឹទ្ធ១)។

លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា បន្ដឈរចំណាត់ថ្នាក់លេខ៨ លើឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ខណៈម្ចាស់ផ្ទះម៉ាឡេស៊ី ឈរលេខ១ ក្រោយដណ្ដើមបានមេដាយច្រើនជាងគេ តែក៏មានការមិនពេញចិត្តចេញ ពីប្រទេសមាជិកអាស៊ានខ្លះដែរ៕