(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីបំភ្លឺជាបន្ទាន់មួយជុំវិញការចោទប្រកាន់ទាំងបំពានរបស់ កាសែតបរទេស The Cambodia Daily ថា «រដ្ឋាភិបាលកម្ពុជា កំពុងវាយប្រហារមកលើសេរីភាពសារព័ត៌មាន តាមរយៈការចង់ បិទស្ថាប័នកាសែត The Cambodia Daily ដោយក្លែងអធិករណ៍ទៅជារឿងមិនបង់ពន្ធវិញ»​ ត្រង់ចំណុនេះអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសតាមរយៈលិខិតបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះថា៖ «កាសែត The Cambodia Daily ដែលបាននិងកំពុង ដំណើរការអាជីវកម្មរហូតមក មិនបានគោរពកាតព្វពន្ធដារ និងបានប្រព្រឹត្តអំពើគេចវេះពន្ធរាប់ឆ្នាំ ដោយមិនប្រកាសបង់ពន្ធសូម្បីតែមួយរៀលណាសោះ បែរជាចោទរដ្ឋាភិបាលបិទសិទ្ធសេរីភាពសារព័ត៌មានទៅវិញ, តើករណីនេះគឺជាបញ្ហានយោបាយដែល រាជរដ្ឋាភិបាលគំរាមទៅលើសេរីភាពសារព័ត៌មាន ឬយ៉ាងណា?»

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសដល់ម្ចាស់សារព័ត៌មាន The Cambodia Daily ឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងពង្រឹងការអនុវត្តច្បាប់ចំពោះរាល់ អ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន ក្នុងគោលដៅគ្រប់គ្រងប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមភាព និងបង្កើតនូវបរិយាកាសប្រកួតប្រជែងដោយ ស្មើភាពគ្នាក្នុងចំណោមអ្នកជាប់ពន្ធទាំងអស់។ ព្រមជាមួយនោះក៏បានរកឃើញថា កាសែត The Cambodia Daily ដែលបាននិងកំពុងដំណើរការអាជីវកម្ម រហូតមក មិនបានគោរពកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីពន្ធដារ និងបានប្រព្រឹត្តអំពើគេចវេះពន្ធរាប់ឆ្នាំ ដោយមិនប្រកាសបង់ពន្ធសូម្បីតែមួយរៀល ណាសោះ។ មិនតែប៉ុណ្ណោះថែមទាំងប្រមូលអាករលើតម្លៃបន្ថែម ដែលជាថវិកាត្រូវបង់ជូនរដ្ឋដោយអ្នកប្រើប្រាស់ យកទៅដាក់ ហោប៉ៅផ្ទាល់ខ្លួន ហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាលខុសពីការពិតទៅវិញ»។

អគ្គនាយកដ្ឋានពន្ធដារ សូមសហគមន៍អន្តរជាតិនានាជួយផ្តល់មតិថា នៅក្នុងបណ្តាប្រទេសជឿនលឿន ប្រទេសនីតិរដ្ឋ តើរដ្ឋបាលសារពើពន្ធនៃប្រទេសរបស់អស់ លោកមានចំណាត់ការយ៉ាងណា ចំពោះការមិនគោរពកាតព្វកិច្ចបង់ពន្ធរបស់អ្នកជាប់ពន្ធ នៅពេលដែលអ្នកជាប់ពន្ធណាម្នាក់បានប្រព្រឹត្តល្មើស លើបទប្បញ្ញត្តិស្តីពីពន្ធដារ? តើករណីមិនគោរពច្បាប់បែបនេះ ជាចេតនានយោបាយ ឬយ៉ាងណា?

ខាងក្រោមនេះលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ៖