(កណ្តាល)៖ បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ លើការចាប់ខ្លួន រហូតតុលាការសម្រេចចេញដីកាឃុំខ្លួន ស្រ្តីលក់ឡេលាបស្បែកតាម Facebook «Love Riya» ដាក់ពន្ធនាគារនោះ នៅទីបំផុត នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ តុលាការខេត្តកណ្តាល បានចេញដីកាដោះលែងស្រ្តីរូបនេះហើយ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះបើតាមប្រធានសាលាដំបូងខេត្តកណ្តាល លោក ហុក វ៉ាន់ធីណា បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃនេះ។

លោក ហុក វ៉ាន់ធីណា បានបញ្ជាក់ថា «យើងបានចេញដីកាឲ្យគាត់នៅក្រៅឃុំហើយ តែនីតិវិធីបន្ត គឺនៅខាងពន្ធនាគារ»

សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ទៅឃុំខ្លួនដាក់ពន្ធនា គារបណ្តោះអាសន្ន ដោយជាប់ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។

មន្ត្រីតុលាការថ្លែងថា ស្ត្រីដ៏ស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការស៊ើបសួរតាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសេវា។

នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែសីហា បញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយករណីលក់ផលិតផល ក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា កម្លាំងនគរបាលលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ បានចុះទៅបង្រ្កាបករណីនេះ ស្ថិតនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។

ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។

ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។

ជាការកត់សម្គាល់ «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕