(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានបន្ដចេញសេច​ក្ដីជូនដំណឹងមួយទៀត ស្ដីពីការផ្អាកការទទួលប្រាក់ថ្លៃទឹក ពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ជាថ្ងៃដែលអង្គភាពមួយនេះ នឹងទូទាត់ប្រាក់ដែល យកលើសពីការប្រើប្រាស់ទឹក នាពេលកន្លងទៅនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

នៅក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា «ក្នុងគោលបំណងធ្វើការទូទាត់សងជាសាច់ប្រាក់ លម្អៀលើសជូនអតិថិជនវិញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវកែសម្រួលប្រព័ន្ធចេញវិក្កិយបត្រ (Soft Ware) ដែលតម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការទទួលប្រាក់ថ្លៃទឹកពីអតិថិជន ជាបណ្ដោះអាសន្ន តាមពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ទើបអាចដំណើរការទទួលប្រាក់ទឹកជាធម្មតាឡើងវិញបាន»

នៅថ្ងៃដដែលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងប្រកាសពីការសងប្រាក់​ ដែលគិតតម្លៃលើស នៃការប្រើប្រាស់ទឹក ជូនប្រជាពលរដ្ឋវិញនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងនៅក្រោមនេះ៖