(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ លោក CLAYTON M. McCLENSKEY ជាអ្នកនាំពាក្យនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) បានចេញសេចក្តីថ្លែងការណ៍មួយ«សម្តែងការខកចិត្ត»ដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចក្នុងការបញ្ឈប់ប្រតិបត្តិការរបស់វិទ្យាស្ថាន NDI នៅកម្ពុជា ហើយបានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរការសម្រេចចិត្តនេះ ដើម្បីឲ្យ NDI អាចបន្តការងាររបស់ខ្លួនបន្តទៀតនៅកម្ពុជា។

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ ប្រជាជនកម្ពុជា សូមគូសបញ្ជាក់ជូន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) និងមន្ត្រីអាមេរិកជាមិត្តដទៃទៀតសូមមេត្តាយល់ដូចគ្នាថា៖ ប្រជាជនកម្ពុជាពិតជាបានដឹងថា USAID បានផ្តល់ជំនួយដែលជាលុយរបស់ពលរដ្ឋអាមេរិកជួយគាំទ្រសកម្មភាពការងាររបស់អង្គការ NDI។ ប្រជាជនកម្ពុជា ក៏យល់ច្បាស់ណាស់អំពីតម្លៃនៃកិច្ចសហប្រតិបត្តិការណ៍ជាអន្តរជាតិគ្រប់ជ្រុងជ្រោយ ជាទ្វេភាគី និងពហុភាគី ដោយគោរពសិទ្ធិ និងអធិបតេយ្យភាពគ្នាទៅវិញទៅមក។ ក្នុងស្មារតីប្រជាធិបតេយ្យ និងការផ្លាស់ប្តូរ មតិ យោបល់ ទស្សនៈ ដោយស្មើភាព ស្មើសិទ្ធិ និងដោយថ្លៃថ្នូរប្រកបដោយការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកនេះ USAID គួរតែមានការសោកស្តាយ១ចំណុច និងបន្តគាំទ្រ២ចំណុច៖

ទី១- USAID គួរសម្តែងការសោកស្តាយនៅពេលដឹងថា អង្គការ DNI ដែលប្រើលុយពលរដ្ឋអាមេរិក ប៉ុន្តែបែរជាបំពានគោលការណ៍នីតិរដ្ឋ មិនបានគោរពច្បាប់ ដែលជាការមិនគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ កម្ពុជា ក៏ដូចសហរដ្ឋអាមេរិក ដែលមិនអនុញ្ញាតឲ្យអង្គការចាត់តាំងខុសច្បាប់ណាមួយធ្វើសកម្មភាពក្នុងដែនដីរបស់ខ្លួននោះទេ។ សហរដ្ឋអាមេរិក ព្រួយបារម្ភនិងប្រយុទ្ធប្រឆាំងបញ្ហាភេរវកម្ម។ កម្ពុជា ក៏ប្រយុទ្ធប្រឆាំងបញ្ហាភេរវកម្មនេះដូចគ្នា។

ទី២- USAID គាំទ្រសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៃប្រជាជាតិដទៃទៀតនៅលើពិភពលោក ដែលមិនទទួលយកការជ្រៀតជ្រែកនោះទេ រួមទាំងកិច្ចការបោះឆ្នោត សិទ្ធិនយោបាយ និងសេរីភាពដទៃទៀត។ សហរដ្ឋអាមេរិក មិនទទួលយកការជ្រៀតជ្រែកពីប្រទេសរុស្ស៊ីលើកិច្ចការបោះឆ្នោត។ ប្រជាជនកម្ពុជា មានសមាណចិត្តដូចគ្នានឹងអាមេរិកលើបញ្ហាជ្រៀតជ្រែកអធិបតេយ្យភាពនេះ។

ទី៣- USAID ទទួលស្គាល់ និងគាំទ្រស្ថាប័ន គ.ជ.ប អនុវត្តតួនាទីដោយឯករាជ្យ ក្នុងការរៀបចំដំណើរការបោះឆ្នោតនៅកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លើសពីនេះ USAID គប្បីយល់ថា ការរៀបចំការបោះឆ្នោតសកលនៅកម្ពុជា ៤អាណត្តិបន្តបន្ទាប់មកនេះ គឺបានរៀបចំដ៏ល្អប្រសើរដោយ គ.ជ.ប មិនមែនរៀបចំដោយអង្គការ NDI ឬអង្គារចាត់តាំងខុសច្បាប់ពីបរទេសណាមួយនោះទេ។ លទ្ធផលសន្លឹកឆ្នោតជាបន្តបន្ទាប់ គឺបានឆ្លុះបញ្ចាំងពីបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលបន្តគាំទ្រគណបក្សនយោបាយដែលមានសមត្ថភាព និងលទ្ធភាព រក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។ USAID គួរបន្តរីករាយនិងអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងតទៅអនាគត ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជាប្រសិទ្ធនាមថា «ស្ថាបនិកសន្តិភាព»៕

លិខិតចំហរពីប្រជាពលរដ្ឋខ្មែរ,