(ភ្នំពេញ)៖ លោក សេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បាននិងកំពុងសួរដេញដោលស្ត្រីម្នាក់ បន្ទាប់ពីនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបទឆបោក ពោលគឺទិញរថយន្តបង់រំលោះពីក្រុមហ៊ុន ហើយមិនទាន់សងប្រាក់គេគ្រប់ចំនួនផង បែរជាយកទៅលក់ឲ្យអ្នកដ៏ទៃ។

ក្រោយការសាកសួរ លោក សេង ហ៊ាង បានសំរេចចោទប្រកាន់ពីបទឆបោក ហើយ សំណុំរឿងនេះ នឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តទៀត។

មន្រ្តីនគរបាលខណ្ឌ៧មករា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក ជួន សុជាតិ ប្រចាំតុលាការថា ស្ត្រីរូបនេះឈ្មោះ ពេញ ស្រីមាន ហៅអាលី អាយុ៣៤ឆ្នាំ រស់នៅភូមិរកា៣ ឃុំដូនកែវ ស្រុកដូនកែវ ខេត្តតាកែវ មុខរបរជាអ្នករកស៊ីទិញលក់ដី។ ការឃាត់ខ្លួនស្រ្តីខាងលើនេះ នគរបាលខណ្ឌ៧មករា ឲ្យដឹងថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យបានយករថយន្ត១គ្រឿង ម៉ាកតូយូតា កូរ៉ូឡា សេរីទំនើប២០១៦ មានពាក់ស្លាកលេខ ភ្នំពេញ 2AK-9088 ទៅលក់ឲ្យឈ្មោះ ងួន មករា ក្នុងតម្លៃ ២៥.០០០ដុល្លារ ដែលការទិញលក់គឺមានឯកសារគ្រប់គ្រាន់ និងស្របច្បាប់ទៀតផង។

បន្ទាប់មកឈ្មោះ ងួន មករា បានយករថយន្តនេះទៅលក់ឲ្យឈ្មោះ ភិន ស្រស់ លុះពេល ភិន ស្រស់ យកទៅប្រើប្រាស់ ស្រាប់តែត្រូវបានក្រុមហ៊ុន (ម្ចាស់ដើម) ដែលជនសង្ស័យទិញបង់រំលោះមិនទាន់ឲ្យលុយគេគ្រប់ចំនួន ប្តឹងទៅសមត្ថកិច្ចចុះទៅរឹបអូសយករថយន្តនោះឈ្មោះ ភិន ស្រស់ វិញ។

មន្ត្រីនគរបាលបានបន្តទៀតថា ពេលក្រុមហ៊ុនរឹបអូសយករថយន្តនោះឈ្មោះ ភិន ស្រស់ បានទៅទារប្រាក់ពីឈ្មោះ ងួន មករា ទើបធ្វើឲ្យឈ្មោះ ងួន មករា ស្វែងរកឃាត់ខ្លួននាង ពេញ ស្រីមាន ឲ្យសមត្តកិច្ចចាត់ការតាមផ្លូវច្បាប់។ នៅចំពោះមុខសមត្ថកិច្ចស្ត្រីឈ្មោះ ពេញ ស្រីមាន ហៅអាលី បានទទួលស្គាល់ថា រថយន្តនេះពិតជាបាន ទិញបង់រំលោះពីក្រុមហ៊ុន ហើយមិនទាន់សងប្រាក់គ្រប់ចំនួនមែន ប៉ុន្តែដោយសារមានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក៏សម្រេចចិត្តលក់យកលុយប្រើប្រាស់ ជាបណ្តោះអាសន្នសិនទៅ មិនបានគិតដល់ពាក់ព័ន្ធផ្លូវច្បាប់នោះទេ៕