(ភ្នំពេញ)៖ យុវជន គា សាន់ណឺ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ ​នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានក្លាយជានិស្សិតខែ្មរទី១ ដែលទទួលបានឱកាសទៅ​បំពេញ​កម្មសិក្សា នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រាប់រយៈពេល​៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០១៧។

និស្សិត គា សាន់ណឺ ចាត់ទុកជានិស្សិតកម្ពុជា ដំបូងមកពីសាកលវិទ្យាល័យឯកជន ដែលទទួលបានឱកាសដ៏ពិសេសនេះ ក្នុងការអភិវឌ្ឍជំនាញ សមត្ថភាព និងបទពិសោធន៍ពីអង្គការលំដាប់ពិភពលោក ហើយខ្លួនពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយតំណាងរបស់និស្សិត​ សាកលវិទ្យាល័យ AUPP ក៏ដូចជាតំណាង​របស់​កម្ពុជា នៅលើឆាកអន្តរជាតិ។

និស្សិតរូបនេះ បានកោតសរសើរចំពោះ​ការផ្តល់ឱកាស ​សម្រាប់ការ​ចុះ​កម្មសិក្សា របស់សាកលវិទ្យាល័យ AUPP ថា «បរិយាកាស​កម្មសិក្សាការងារ បានធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ជីវិតថ្មីៗជាច្រើន ជាពិសេសនៅពេលជួបបញ្ហាត្រូវដោះស្រាយ ការចេះគ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាព ការបង្កើតបណ្តាញទំនាក់ទំនង ការបង្កើតបទបញ្ជាផ្សេងៗ ការរៀបចំផែនការការងារ ការវិភាគទិន្នន័យ ជាដើម​»។

ក្រោយពីបញ្ចប់កម្មសិក្សាភ្លាម យុវជន គា សាន់ណឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមាននិស្សិត AUPP ក៏ដូចជានិស្សិតខ្មែរផ្សេងៗទៀត នឹងទទួលបានឱកាសកម្មសិក្សាដូចគ្នានេះ ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈ ទទួលបានការដកពិសោធន៍ពីការងារ និងការអនុវត្តចំណេះដឹង ដែលទទួលបានពីការអប់រំ ក្នុងបរិយាកាសការងារជាក់ស្តែង។

កម្មសិក្សានេះ ផ្តោតសំខាន់លើការទំនាក់ទំនងប្រកបដោយជំនាញវិជ្ជាជីវៈ របៀបរបបធ្វើការងារនៅអង្គការសហប្រជាជាតិ និងការប្រាស្រ័យទាក់ទង ជាមួយមន្ត្រីជាន់ខ្ពស់តាមផ្នែកនីមួយៗ ដូចជា មន្រ្តីការទូតមកពីប្រទេសនានា ជុំវិញពិភពលោក និងមន្រ្តីជាន់ខ្ពស់របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលជាតំណាងប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ តាមរយៈកម្មវិធីកម្មសិក្សានេះ និស្សិត គា សាន់ណឺ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​ ចំពោះ​សាកលវិទ្យាល័យ AUPP, ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃ​​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និងក្រសួងការបរទេសកម្ពុជា ដែលបានផ្តល់ឱកាសកម្មសិក្សា ដ៏មានសារៈប្រយោជន៍នេះ។

AUPP បាននិង​កំពុងផ្តល់ឱកាសកម្មសិក្សាទាំងក្នុង និងក្រៅប្រទេសសម្រាប់និស្សិតទាំងអស់​ ដើម្បីឲ្យពួកគាត់ទទួល បាននូវ​បទពិសោធន៍ការងារ អភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន​ សំដៅជំរុញឲ្យ​​ទទួលបានជោគជ័យ​ ក្នុងអាជីពការងារក្រោយពីបញ្ចប់ការសិក្សា​។ ក្រៅពីនៅអង្គការសហប្រជាជាតិ ​AUPP បានបញ្ជូននិស្សិតទៅចុះកម្មសិក្សា នៅតាមក្រុមហ៊ុន និងស្ថាប័នធំៗ និងកំពូលៗនៅក្រៅប្រទេសមួយចំនួនទៀត ដូចជា អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង​ អគ្គលេខាធិការអាស៊ាន នៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី នៅថៃ ហ្វីលីពីន និងសឹង្ហបុរីជាដើម​។

AUPP ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ សម្រាប់និស្សិតថ្មី និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ដំណាច់ ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕