(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ និងលុបគំនូសចំណតរថយន្ត នៅជុំវិញទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី បន្ទាប់ពីអាជ្ញាធរបានបញ្ចប់ការចតលក់រថយន្ត យ៉ាងអនាធិបតេយ្យនារួចមក។

នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌបានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ចំពោះទីតាំងនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី ឃើញថា ពុំមានការចតរថយន្តទៀតនោះទេ ក្នុងករណីនៅតែមានការឈប់ចតបន្តទៀតនោះ រដ្ឋបាលខណ្ឌដូនពេញ នឹងមានវិធានការស្ទួចយករថយន្តនោះ មករក្សាទុកនៅសាលាខណ្ឌ ដោយលើកទី១ រក្សាទុករយៈពេល១៤ថ្ងៃ និងលើកទី២ រក្សាទុករយៈពេល១ខែ ដោយធ្វើកិច្ចសន្យាអប់រំណែនាំឲ្យត្រឡប់ទៅវិញ»

ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏សូមការអធ្យាស្រ័យ ចំពោះបងប្អូនដែលធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១០៨ ទីលានប្រជាធិបតេយ្យចាស់ ត្រង់ចំណុចខាងមុខក្រសួង សាធារណការ និងដឹកជញ្ជូន ដែលនៅបន្តចតរថយន្តទៀត គឺដោយសារតែក្រសួងកំពុងសាងសង់អគារថ្មី ពុំមានចំណត និងបានស្នើសុំទៅសាលារាជធានីភ្នំពេញ ឈប់ចតរថយន្តមួយរយៈ ហើយក្រោយពេលដែលអគារថ្មីសាងសង់រួច ក្រសួងនឹងយករថយន្តទៅចតនៅចំណតក្រោមដីរបស់ខ្លួនវិញ ដោយមិនចតលើទ្រូងផ្លូវទៀតឡើយ។

សូមបញ្ជាក់ថា ចំណតយានយន្ត យ៉ាងអនាធិបតេយ្យជុំវិញបរិវេណផ្សារាត្រី និងទីលានប្រជាធិបតេយ្យ ដែលស្ថិតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានរុះរើ និងចាកចេញដោយស្ម័គ្រចិត្តអស់ហើយ បន្ទាប់ពីសាលារាជធានីភ្នំពេញ ដាក់ឱសាទកាលពីកន្លងទៅនោះ ហើយតំបន់នេះនឹងយកទៅ ធ្វើជាសួនច្បារលំអរក្រុងដ៏ស្រស់ស្អាត នាពេលខាងមុខនេះផងដែរ។

​ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងថា ចំណតយានយន្តបែបអនាធិបតេយ្យ ជុំ​វិញបរិវេណទីលានប្រជាធិបតេយ្យ រហូតដល់ផ្សារចាស់ ត្រូវបានលុបបំបាត់ទាំងស្រុងដើម្បីយកតំបន់នេះ ធ្វើជាសួនច្បារលម្អទីក្រុងលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ។

​បើតាមអភិបាលខណ្ឌរូបនេះ បានបន្តទៀតថា ការសម្រេចលុបបំបាត់ទីចតអនាធិបតេយ្យនេះឡើង គឺដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ហើយក៏ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ នៅក្នុងតំបន់នេះផងដែរ។

​តែយ៉ាងណាក៏ដោយ កន្លែងនេះនឹងមិនអនុញ្ញាតិឲ្យមានការលក់ជាបន្តទៀតនោះឡើយ ហើយប្រសិនបើអ្នកណាដាក់លក់ទៀត អាជ្ញាធរនឹងចាត់វិធានការ តឹងរឹងជាក់ជាមិនខាននោះឡើយ។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែសីហា លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រកាសដាក់ឱសានវាទរយៈពេល៧ថ្ងៃ ដើម្បីលុបបំបាត់ចំណតយានយន្ត​បែបអនាធិបតេយ្យ ជុំវិញបរិវេណទីលានប្រជាធិបតេយ្យ រហូតដល់ផ្សារចាស់ ដោយគិតពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២៦ សីហា ដើម្បីឲ្យម្ចាស់រថយន្តទាំងអស់ រកទីតាំងចំណតថ្មីដោយខ្លួនឯង៕