(ភ្នំពេញ)៖ លោក អ៊ាន សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋជិះរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ប្រមាណពី៩,០០០នាក់ ទៅ៩,៥០០នាក់ ក្នុងមួយថ្ងៃៗ ហើយក្រោយពីទទួលបានអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជារួចមក រដ្ឋបាលរាជធានីភ្នំពេញនឹងបន្ថែមខ្សែរត់ចំនួន៥ខ្សែទៀត ដើម្បីកាន់តែគៀកជិតកម្មករនិយោជិត។

ការលើកឡើងនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ថានភាព​ នៃការគ្រប់គ្រងស្ថាប័នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក អ៊ាន សុឃីម បានឲ្យដឹងថា សព្វថ្ងៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានបុគ្គលិកបម្រើការងារចំនួន ២៩៣នាក់ អ្នកបើកបរ ១២០នាក់ អ្នកលក់សំបុត្រ ១២០នាក់។ ក្នុងឆ្នាំ២០១៦ កន្លងទៅ មានអ្នកធ្វើដំណើរតាមរថយន្តក្រុងចំនួន ២,៣៤០,៧៧៧នាក់ គឺស្មើនឹង ៦,០៨០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែក ក្នុងឆ្នាំ២០១៧នេះ អ្នកធ្វើដំណើរតាមរថយន្តក្រុងកើនឡើងពី ៩,០០០ ទៅ ៩,៥០០នាក់ ក្នុងមួយថ្ងៃ។

លោកបន្តថា ខ្សែរត់ចំនួន៥ខ្សែបន្ថែមទៀត នឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ នាពេលខាងមុខ ក្នុងនោះខ្សែទី៤ និងទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហើយខ្សែទី៦ ទី៧ និងទី៨ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ខាងមុខ។ ខ្សែរត់ថ្មីនេះ នឹងទៅដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺទៅឲ្យដល់គៀកជិតនឹងបងប្អូនកម្មករ-កម្មការិនី។

ក្នុងកិច្ចប្រជុំនោះដែរ អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបង្កើតឲ្យមានសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនេះ គឺជាការឆ្លើយតប និងគិតគូរពីស្ថានភាពវិវត្ត នៃសេដ្ឋកិច្ចកម្ពុជា ដែលមានការរីកចម្រើន និងដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុង លើកកម្ពស់ផាសុកភាព និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយក៏ចង់ឲ្យមានការកែទម្លាប់ពីការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកប្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនេះវិញ។

លោកក៏បានណែនាំឲ្យមន្ត្រីទទួលបន្ទុក ក្នុងស្ថាប័នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំទីតាំងចំណត និងរោងជាងសម្រាប់រថយន្តក្រុង រួមទាំងត្រូវមានជាងទទួលប្រាក់ខែសម្រាប់ជួសជុលរថយន្តផងដែរ។ ត្រូវមានការទទួលខុសត្រូវ និងចេះច្នៃប្រឌិត កុំចេះត្រឹមតែរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញឲ្យដោះស្រាយនោះ។ ចំណែក អាជ្ញាធរខណ្ឌ/សង្កាត់ ក៏ត្រូវរួមសហការរៀបចំសណ្តាប់ធ្នាប់នៅតាមចំណតរថយន្តក្រុងឲ្យបានល្អប្រសើរផងដែរ។

លោកអភិបាលរាជធានី ក៏បានក្រើនរំឭកដល់អ្នកបើកបររថយន្តក្រុងសាធារណៈទាំងអស់ ត្រូវមានក្រមសីលធម៌វជ្ជាជីវៈជាអ្នកបើកបរ មានការយោគយល់ គោរពច្បាប់ចរាចណ៍ ដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ រដ្ឋបាលរាជធានីគ្រោងបង្កើតឱ្យមានលេខទូរស័ព្ទហតឡាញ (Hot Line) និងបង្ហាញនៅក្នុងរថយន្តក្រុងផ្ទាល់ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលផ្តល់ដំណឹងជូនអាជ្ញាធរ ងាយស្រួលរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលទទួលសេវាកម្មរថយន្តក្រុងផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកម្មករ-កម្មការិនីទាំងអស់