p>(ភ្នំពេញ)៖ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញលិខិតសុំទោសដល់ប្រជាពលរដ្ឋ ហើយសន្យាមិនឲ្យមានកំហុសឆ្គងជាលើកទី២របស់ខ្លួននោះឡើយ។ នេះបើតាមលិខិតជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ។

ការចេញលិខិតប្រកាសទទួលស្គាល់កំហុស និងសុំទោសបងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះកំហុសរបស់ខ្លួននៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មខ្លាំងៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះតម្លៃទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអភ័យទោសសារជាថ្មីពីសំណាក់អតិថិជនទាំងអស់ ដែលមានផលប៉ះពាល់ពីការខុសឆ្គងនេះ ហើយសូមសន្យាថា នឹងមិនឲ្យមានការខុសឆ្គងជាលើកទី២ឡើយ»។ ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានប្រកាសថា ខ្លួនបានត្រៀមសងលុយជូនប្រជាពលរដ្ឋវិញផងដែរ ចំពោះការយកថ្លៃទឹកលើសនាពេលកន្លងទៅនេះ។

នៅរសៀលថ្ងៃនេះ ក្រសួងឧស្សាហកម្ម និងសិ​ប្បកម្ម បានប្រកាសទទួលស្គាល់ពីកំហុសបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្វើការគណនា និងចេញវិក្កិយបត្រពុំត្រឹមត្រូវ ​បណ្ដាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ហើយក្រសួងក៏បាន បញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តការគណនាតម្លៃទឹក តាមរបៀបគណនាចាស់ និងសងលុយជូនអតិថិជន ដែលមានផលប៉ះពាល់ទាំងអស់ ជាបន្ទាន់ផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅនៅរសៀលថ្ងៃនេះ៕