(កូឡាឡាំពួរ)៖ សូមចូលរួមអបអរសាទរ! ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ផ្នែកកីឡាប៉េតង់ បានឈានទៅវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី២៩ នៅម៉ាឡេស៊ីទៀតហើយ បន្ទាប់ពីផ្ដួលក្រុមកីឡាប៉េតង់ឡាវ លើវិញ្ញាសាវាយគូចម្រុះបុរស-នារីមុននេះបន្ដិច ដោយលទ្ធផល ១៣-៨ពិន្ទុ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយកបេសកកម្មបានឲ្យដឹងពីទីក្រុងកូឡាឡាំពួរថា ជ័យជម្នះរបស់ក្រុមកីឡាប៉េតង់កម្ពុជាខាងលើ គឺត្រូវបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមកីឡាប៉េតង់ថៃ នារសៀលថ្ងៃទី២៨ ខែសីហាដដែលនេះ ដើម្បីដណ្ដើមមេដាយមាស។

សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ កម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ៩ ក្រោមឡាវ ក្នុងតារាងមេដាយប្រកួត នៃមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងខាងលើ បន្ទាប់ពីដណ្ដើមបានមេដាយសរុប ១១គ្រឿង រួមមានមេដាយមាស១ និងមេដាយសំរឹទ្ធ ១០គ្រឿង។

ប៉ុន្ដែនៅរសៀលថ្ងៃនេះ ក្រៅពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រុមកីឡាប៉េតង់កម្ពុជា និងក្រុមកីឡាប៉េតង់ថៃនោះ កម្ពុជាក៏មានកីឡាករប្រដាល់គុនខ្មែរ ៤រូបផ្សេងទៀត ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅប្រជែងមេដាយមាស ឬមេដាយប្រាក់ផងដែរ រួមមានកីឡាករ វ៉ាន់ វឿន, ឡៅ ចិត្រ្ដា, ឃឹម ឌីម៉ា និងកីឡាករ ម៉ឺន សុភា៕