(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ បានចំអកឱ្យអ្នកនយោបាយម្នាក់ ដោយថា បានលះបង់កូនក្រមុំ២នាក់របស់ខ្លួន ដើម្បីចង់បានអំណាច។ លោកសុខ ឥសាន បានផ្តាំផ្ញើដល់អ្នកនយោបាយរូបនោះថា កុំឱ្យមានការភ័យបារម្ភអ្វី បើទោះបីជាមិនបានឈ្នះនៅអាណត្តិក្រោយនេះ ក៏គង់បានចៅនឹងគេដែរ។

លោក សុខ ឥសាន បានរិះគន់ថា ដើម្បីតែអំណាច អ្នកនយោបាយខ្លះ ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីស្រោចស្រង់ និងសង្គ្រោះជាតិ ឲ្យរួចផុតពីគ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ តួយ៉ាងដូចថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នេះជាសក្ខីភាពស្រាប់ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានដឹង និងឃើញច្បាស់នឹងភ្នែកផ្ទាល់រួចហើយ។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ប៉ុន្តែ ក៏នៅមានអ្នកនយោបាយខ្លះទៀត ក៏ហ៊ានលះបង់ដែរ តែមិនមែនលះបង់អាយុជីវិតខ្លួនឯងទេ ព្រោះខ្លាចងាប់ខានបានកាន់អំណាច បែរជាហ៊ានលះបង់សាច់ស្រស់ និងរូបសម្រស់របស់កូនក្រមុំទៅដោះដូរនឹងអំណាចទៅវិញ។ ម៉្យាងដែរ នេះហើយជាការដោះដូរតាមផ្លូវត្រជាក់ ដែលហៅថាធម៌អហឹង្សា បានអំណាចផង បានសមាជិកគ្រួសារថ្មីថែមផង មិនចំណេញទាំងនយោបាយផង ទាំងស្នេហាផង ទាំងសម្បាច់គ្រួសារផង ។ នេះបានហៅថាចំណេញតាមទ្រឹស្តីបាញ់ព្រួញមួយបានសត្វបីតែម្តង»

លោក សុខ ឥសាន បានបន្តទៀតថា «ប៉ុន្តែគួរឲ្យសោកស្តាយខ្លាំងណាស់ ព្រោះវាយឺតពេល និង ភ្លាត់ស្នៀតដោយសារមិនអាចទៅរួចនឹងភាពឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឧ្យឧបាយកលព្រួញមួយបាញ់បានសត្វបីនោះ ត្រូវបរាជ័យយ៉ាងអាម៉ាស់ ទាំងតួអង្គខ្មែរ ទាំងតួអង្គបរទេស។ ឥឡូវត្រូវបែកមុខ ឃើញច្បាស់ហើយ មានអីត្រូវដោះសារទៀត? ចាប់ពីពេលនេះដល់ការបោះឆ្នោតឆ្នាំ ២០១៨ រកក្បាច់លោតលែងបានហើយ។ តែមិនអីទេគ្រាន់តែអស់កូនក្រមុំ ពីរនាក់ប៉ុណ្ណោះ មិនបញ្ហា បើមិនបានអំណាច ក៏បានចៅដែរ មិនថាអញ្ចឹង ??»

ទោះបីជាមិនបង្ហើបអំពីឈ្មោះអ្នកនយោបាយរូបនោះ ឱ្យចំយ៉ាងណាក្តី ប៉ុន្តែគេបានដឹងថា អ្នកនាំពាក្យគណបក្សកាន់អំណាច ទំនងជាសម្តៅទៅលើ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលថ្មីៗនេះមានការបែកធ្លាយព័ត៌មានថា កូនស្រីរបស់លោកទាំងពីរនាក់ បានមានទំនាក់ទំនងស្នេហារជាមួយនឹង ជនបរទេស២នាក់ ដែលជាចារកម្មអាមេរិក។

តាមបណ្តាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះ «កូនខ្មែរ» នៅថ្ងៃអាទិត្យនេះ បានទម្លាយរូបភាព និងខ្លឹមសារថា កូនស្រីច្បងរបស់ លោក កឹម សុខា ឈ្មោះកញ្ញា កឹម មនោវិទ្យា មានសង្សារជាភ្នាក់ងារចារកម្ម CIA និងជាមន្ត្រីស្ថានទូតអាមេរិកទទួលបន្ទុកកិច្ចការ នយោបាយប្រចាំកម្ពុជាឈ្មោះ Sam Downings។ ចំណែកឯកូនស្រីរបស់លោកម្នាក់ទៀតឈ្មោះ កឹម សាម៉ាធីតា (Kem Samathida) ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឈ្មោះ Geoffrey Cain ដែលជាភ្នាក់ងារចារកម្មរបស់អាមេរិកបង្កប់ខ្លួន ធ្វើជាអ្នកកាសែតឯករាជ្យ ហើយធ្វើសកម្មភាពជាសម្ងាត់នៅក្នុងប្រទេសកម្ពុជាផងដែរ។

Facebook «កូនខ្មែរ» បានសរសេរថា ការចងទំនាក់ទំនងស្នេហាទាំងនេះ ជាការឃុបឃិតរវាងបរទេសនិងខ្មែរ (Conspiracy Theory) ដែលទំនងជាធ្វើឱ្យមានការលូកដៃយ៉ាងជ្រៅពីមហាអំណាចអាមេរិកមកលើកម្ពុជា ដូចកាលពីអតីតកាល។ ជាមួយគ្នានេះ Facebook កូនខ្មែរ បានចោទជាសំណួរថា តើទំនាក់ទំនងស្នេហាជាមួយចារកម្មបរទេសនេះ អាចពាក់ព័ន្ធនឹងគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែរឬទេ?៕