(ភ្នំពេញ)៖ តុលាការកំពូលបានសម្តែងប្រតិកម្មជាខ្លាំងជាមួយការលើកឡើងរបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរក្រោក ដែលបានហៅការចេញដីកាលើសំណុំរឿងដីធ្លី នៅក្នុងខេត្តព្រះសីហនុថាជាការចេញដីកាខុសច្បាប់ និងខុសបែបបទគតិយុត្តិ។ តុលាការកំពូល បានចាត់ទុកការលើកឡើងនេះជាការញុះញង់ក្នុងបំណងឲ្យបាត់ជំនឿលើតុលាការ។

ប្រតិកម្មរបស់តុលាការកំពូលបានធ្វើឡើង បន្ទាប់ពីប្រធានគណបក្សខ្មែរក្រោម ដែលត្រូវបានគេប្រសិទ្ធិនាម «ឯកឧត្តមឫកកប់ពពក» រូបនេះ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានសរសេរថា តុលាការបានចេញសេចក្តីសម្រេចខុសបែបបទគតិយុត្តិពាក់ព័ន្ធបញ្ហាដីធ្លីនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលជាប្រតិកម្មតបនឹងការលើកឡើងរបស់មេបក្សខ្មែរក្រោក ធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ តុលាការកំពូលបានអះអាងថា សាលដីការដ្ឋប្បវេណ៏លេខ៣៤៨ «ឃ» ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ដែលជាសាលដីកាពាក់ព័ន្ធនឹងអត្ថបទនេះ គឺជាសាលដីកាដែលបានសម្រេចសេចក្តីដោយតម្កល់សាលដីការដ្ឋប្បវេណីលេខ៧៦ ក្រVI.«យ» ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់សាលាឧទ្ធរណ៍ ហើយសាលដីការបស់សាលាឧទ្ធរណ៍នេះបានសម្រេចសេចក្តីដោយតម្កល់សាលក្រមរដ្ឋប្បវេណីលេខ០៩ «ង» ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តព្រះសីហនុ។ សាលក្រមនិងសាលដីកានេះ បានសម្រេចសេចក្តីអំពីអត្ថិភាព ឬវត្ថិភាពនៃសិទ្ធិរបស់ភាគីលើដីទំនាស់ ដោយផ្អែកលើអង្គហេតុ ភស្តុតាង និងអង្គច្បាប់ច្បាស់លាស់។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ តុលាការកំពូលបានបញ្ជាក់ដែរថា សាលដីកាតុលាការកំពូលរហូតមកដល់ពេលនេះ នៅតែមានតម្លៃគតិយុត្តិពីព្រោះមិនទាន់មានស្ថាប័ន ឬសមត្ថកិច្ចណាបដិសេធ ឬទុកជាមោឃៈឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានគូសបញ្ជាក់ថា «ម្នាស់គណនីឈ្មោះ William Guang ចោទប្រកាន់ថា តុលាការបានចេញសេចក្តីសម្រេចខុសបែបបទគតិយុត្តិ ដោយអត់មានសំអាងហេតុ ឬពន្យល់អ្វីទាំងអស់។ ផ្ទុយទៅវិញសេចក្តីសម្រេចរបស់តុលាការទាំងបីថ្នាក់ មានសមាសភាពចៅក្រមសរុបរហូតដល់ទៅ ១៣នាក់ សុទ្ធសឹងជាចៅក្រមអាជីព មានតាំងពីថ្នាក់វរៈចៅក្រមរហូតដល់ចៅក្រមផុតថ្នាក់។ តើបុគ្គល William Guang មានសមត្ថភាព សិទ្ធិ និងអំណាចអ្វី បានជាអាចមកបណ្តុះបង្អាប់ការងាររបស់តុលាការយ៉ាងដូច្នេះ?»

ប្រតិកម្មទៅនឹងការលើកឡើងរបស់លោក William Guang ដោយចោទប្រកាន់ថា «យកដីរដ្ឋមកកាត់ក្តីចែកឯកជន» នោះ តុលាការកំពូលចាត់ទុកការចោទប្រកាន់នេះ ជាការចោទប្រកាន់ដោយអសុទ្ធចិត្ត ព្រមទាំងធ្វើការផ្សព្វផ្សាយជាសាធារណៈ ដោយបំភាន់ញុះញង់ ក្នុងគោលបំណងធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ។

តុលាការកំពូលបានអះអាងថា ដីដែលជាកម្មវត្ថុនៃវិវាទ គឺជាដ៏បានមកពីការទិញ-លក់ ហើយក្រសួងមានសមត្ថកិច្ចបានចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្តឲ្យទៀតផង មិនមែនជាដីរដ្ឋទេ។ ដូច្នេះតុលាការគ្រាន់តែអនុវត្តតួនាទីរបស់ខ្លួន ដើម្បីផ្តល់យុត្តិធម៌ឲ្យតួភា នៅពេលមានបណ្តឹង ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានតែប៉ុណ្ណោះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ តុលាការកំពូលក៏ប្រកាសថា តុលាការគ្រប់ជាន់ថ្នាក់ដែលជាស្ថាប័នតំណាងឲ្យអំណាចទី៣ នៃព្រះរាជាណាចក្រកម្ពុជាទទួលយកការរិះគន់ស្ថាបនាទាំងអស់ ដែលមានហេតុផលត្រឹមត្រូវ និងហ៊ានទទួលខុសត្រូវតាមច្បាប់នូវរាល់ចំណាត់ការរបស់ខ្លួន។ តែខ្លួនមិនទទួលយកដាច់ខាតនូវការវាយប្រហារទាំងឡាយណាដែលទុច្ចរិតគ្មានមូលដ្ឋាន ធ្វើឲ្យបាត់ជំនឿដល់តុលាការ និងរក្សាសិទ្ធិប្តឹងឲ្យចោទប្រកាន់តាមមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការលើកឡើងរបស់លោក William Guang នេះ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក៏បានចេញមកប្រតិកម្មផងដែរ។ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកសារវាយប្រហាររបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ទៅលើលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជាទង្វើអុចអាល ញុះញង់មហាជនឲ្យយល់ច្រឡំលើរដ្ឋបាលខេត្តព្រះសីហនុ និងលោក យន្ត មីន។ រដ្ឋបាលខេត្តព្រះខេត្តសីហនុ ក៏បានចាត់ទង្វើរបស់ប្រធានគណបក្សខ្មែរក្រោកថា ជាការទាញយកប្រជាប្រិយភាព និងប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងសេចក្តីប្រកាសព័ត៌មានប្រតិកម្មការលើកឡើងរបស់ប្រធានគណបក្សខ្មែរក្រោកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា «ក្នុងនាមជាអាជ្ញាធរដែនដី គឺតែងតែអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ យ៉ាងខ្ជាប់ខ្លួន និងមានតួនាទីការពារ កម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ការពារសម្បត្តិរួមជួយ សម្របសម្រួលដឹកនាំ ចូលរួមអនុវត្តតាមសំណើសុំរបស់ស្ថាប័នតុលាការ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ សង្គម ទប់ស្កាត់ការរំលោភបំពានលើសិទ្ធិអ្នកដទៃ ទប់ស្កាត់បាតុភាពអនាធិបតេយ្យដែលអាចឈានដល់ចលាចលសង្គម»

រដ្ឋបាលខេត្តព្រះសីហនុបន្ថែមថា «អ្វីដែលម្ចាស់គណនីបណ្តាញសង្គមឈ្មោះ William Guang បានលើកឡើង គឺគ្រាន់តែដើម្បីលើកតម្លៃផ្ទាល់ខ្លួន ដោយប្រើចរិតអុចអាល ញុះញង់ បំបែកបំបាក់ ទាញយកប្រជាប្រិយភាព ផលប្រយោជន៍ ដោយពន្យុះមហាជនឲ្យមានការយល់ច្រឡំមកលើរដ្ឋបាលខេត្ត។ ជាពិសេសការដឹកនាំរបស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តតែប៉ុណ្ណោះ»