(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ទិវាជាតិអំណានឆ្នាំ២០១៩ លើកទី៤ ដែលនឹងរៀបចំឡើងរយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នឹងមានការចែកជូនសៀវភៅជាភាសាខ្មែរ ដល់អ្នកដែលចូលចិត្តអានសៀវភៅ និងអានអត្ថបទអក្សសិល្ប៍ចំនួន ៤,០០០ក្បាល ដោយឥតគិតថ្លៃ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណា​រ៉ុ​ន បានថ្លែងយ៉ាងដូចនេះ កាលពីរសៀល ដើមខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញបើសន្និសីទសារព័ត៌មានស្តីពី ការរៀបចំទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការអានបណ្តុះវប្បធម៍ការសិក្សាពេញមួយជីវិត»។ ពិធីនេះដែរក៏មានការចូលរួមពីអ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណា​រ៉ុ​ន បានថ្លែងថា ការរៀបចំការប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ គឺមានគោលបំណង់សំខាន់ ដើម្បីបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា និងជាការឆ្លើយតបទៅ នឹងគោលដៅអប់រំជាតិ។ នៅក្នុងយុគសម័យបច្ចេកវិទ្យា មនុស្សអានតាមបែបផ្សេងៗពីគ្នា ហើយការអានច្រើន គឺបង្កើនចំណេះដឹងកាន់តែច្រើន និងអាចមានឱកាសទទួលបានការងារកាន់តែច្រើនដូចគ្នា។

លោកបានបន្តថា «បច្ចុប្បន្ននេះសិស្សមិនត្រឹមតែអាចអានពីសៀវភៅទេ ពួកគេអាចរៀនអានពី Facebook Youtube ការរៀនរបស់មនុស្ស ជាការឆ្លើយតបទៅនឹងការខិតខំ បង្កើនចំណេះដឹង របស់សិស្សានុសិស្ស។ យើងត្រូវការលើកទឹកចិត្តអ្នកនិពន្ធ ត្រូវការលើកទឹកចិត្តការសសេរសៀវភៅជាភាសាខ្មែរ ដើម្បីថែរក្សាអភិរក្សអភិវឌ្ឍភាសាខ្មែរ ចឹងវាមានន័យ៣ មានគោលដៅ៣ គឺថាថែរក្សា អភិរក្សស្រាវជ្រាវ ពីអ្វីពីមុនមកដើម្បីទុកសម្រាប់មនុស្សជំនាន់ក្រោយ និងអភិវឌ្ឍន៍បន្ថែមទៀតតាមតម្រូវការ»

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងទិវាជាតិអំណានឆ្នាំ២០១៩ លើកទី៤នេះ នឹងមានការចែកជាសៀវភៅអក្សសិល្ប៍ ហើយក៏មានការលក់សៀវភៅ បញ្ចុះតម្លៃផងដែរ ហើយការចែកសៀវភៅនោះមានប្រមាណ៤,០០០ក្បាល នៅក្នុងរយៈពេល៣ថ្ងៃ នៃទិវាជាតិអំណាននោះ ហើយក៏មានសៀវភៅផ្សេងៗទៀត ដែលទទួលបានពីសប្បុរសជន ដើម្បីចែកជូនដល់យុវជន និងជាការលើកទឹកចិត្តដល់យុវជន ដើម្បីឱ្យមានការអានសៀវភៅជាភាសារខ្មែរឱ្យបានច្រើនផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ទៀតថា ប្រសិនបើប្រទេសមួយ មិនមានការរីកចម្រើនខាងវិទ្យាសាស្ត្រនោះទេ ប្រទេសនោះក៏មិនមានការរីកចម្រើននោះទេ ប្រទេសដែលមាន ការរីកចំរើន គឺជាប្រទេសដែលមានយុវជនចូលចិត្តក្នុងការអានច្រើន ទាក់ទងទៅនឹងអក្សរសិល្ប៍ ការអានប្រលោមលោក និងការអានជាលក្ខណៈវិទ្យាសាស្ដ្រ ហើយនៅពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាគឺបានវិវត្តទៅយ៉ាងលឿន ដូច្នេះយុវជនជំនាន់ក្រោយ ត្រូវតែព្យាយាមតាមឱ្យទាន់នូវបច្ចេកវិទ្យាថ្មីៗ ដូចនេះទាមទារឲ្យយុវជនត្រូវតែអានឱ្យបានច្រើន ដើម្បីសម្រេចបាននូវជោគជ័យ បើសិនជាយុវជនអានមិនបានអានច្រើននោះទេ នោះក៏មិនអាចធ្វើអ្វីបានសម្រេចជោគជ័យនោះដែរ៕