(ត្បូងឃ្មុំ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ឱ្យប្រើប្រាស់ទីផ្សារនាំអង្ករទៅកាន់ប្រទេសចិន ចំនួន៤០ម៉ឺនតោន និងទីផ្សារប្រទេសវៀតណាម ចំនួន៣០ម៉ឺនតោន ដើម្បីដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍បានថ្លែងថា បច្ចុប្បន្នការវិនិយោគរបស់ចិនមិនមែនមានតែនៅកម្ពុជា នៅវៀតណាម និងអាមេរិកឡាទិន ក៏មានការវិនិយោគរបស់ចិនយ៉ាងច្រើនផងដែរ ព្រោះចិនជាប្រទេសអ្នកមាន ហើយពិតជាមោទនភាពមួយដែលកម្ពុជាមានមិត្តមួយ ដែលបានជឿទុកចិត្ត និងចូលមកអភិវឌ្ឍន៍នៅកម្ពុជា។ ប្រទេសចិន គឺជាទីផ្សារដ៏ធំផងដែរ សម្រាប់កម្ពុជា ដូច្នេះហើយត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងការបើកទីផ្សារនាំអង្ករនៅកាន់ប្រទេសចិន។

ការមានប្រសាសន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន នៅក្នុងខេត្តត្បូងឃុំ។ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «អីឡូវនេះតម្លៃស្រូវក៏មានការធ្លាក់ចុះ ខ្ញុំក៏បានប្រាប់ទៅរដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ឱ្យប្រឹងប្រែងប្រើប្រាស់ទីផ្សារពីរ ដើម្បីយឺតយោងតម្លៃស្រូវរបស់យើងឱ្យកើនមកវិញនោះគឺទីផ្សាររបស់ចិន៤០ម៉ឺនតោន និងទីផ្សាររបស់វៀតណាម៣០ម៉ឺនតោន ពីរទីផ្សារនេះ គឺគ្រប់ដណ្តប់៧០ម៉ឺនតោន ដែលស្មើរនឹងស្រូវជិត១លានតោន»

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍បន្ថែមទៀតថា នៅឆ្នាំនេះកម្ពុជា នៅសល់ស្រូវជិត៦លានតោនឯណោះ។ សម្តេចក៏បានលើកឡើងថា ពីមុនកម្ពុជាធ្លាប់ជាប្រទេសមួយដែលខ្វះខាតស្រូវ អង្ករ ដើម្បីចិញ្ចឹមប្រជាជន ដែលកាលនោះកម្ពុជាមានចំនួនតែ៧ ទៅ១០លាននាក់ តែប៉ុណ្ណោះ ក៏ប៉ុន្តែអីឡូវ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានប្រជាជនជាង១៦លាននាក់ ហើយកម្ពុជានៅសល់ស្រូវប្រមាណជាង ៦លានតោន ដែលស្មើចំនួនអង្ករប្រមាណ៤លានតោន នៅក្នុងមួយឆ្នាំ។

សម្តេចតេជោ បានសង្កត់ធ្ងន់ៗថា សូមឱ្យក្រុមប្រឆាំងទាំងឡាយ ដែលខិតខំបង្កើតកលល្បិចគ្រប់បែបយ៉ាង ដើម្បីរារាំងដំណើរការអភិវឌ្ឍកម្ពុជា គ្រប់រូបភាពព្រមទាំងដើរកុហុសបរទេសថា ប្រជាជនកម្ពុជា កំពុងរស់នៅដោយភាពអត់ឃ្លាន ទាំងនេះសូមពួកប្រឆាំងផ្គាប់មុខទាំងអស់ មេត្តាបើកភ្នែកឱ្យច្បាស់ថាស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅពេលបច្ចុប្បន្ននេះថា ប្រជាជនមានស្រូវអង្ករហូបចុកគ្រប់គ្រាន់ រស់នៅប្រកបរបរដោយសេរី ហើយកម្ពុជា នៅសល់អង្កររាប់លានតោន ដើម្បីនាំយកទៅលក់នៅបរទេសយ៉ាងច្រើនផងដែរ។

ជាមួយគ្នានេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវតែប្តេជ្ញាចិត្ត រក្សាទំនាក់ទំនងដែលបន្សល់ទុកពីថ្នាក់ដឹកនាំជំនាន់មុនឱ្យកាន់តែជិតស្និតបន្ថែមទៀត ដើម្បីធ្វើយ៉ាងជំរុញដំណើរការអភិវឌ្ឍ រវាងប្រជាជន និងប្រជាជន ផងដែរ។ តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃជិត៥០លានដុល្លារ៕