(ត្បូងឃ្មុំ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ​ បានបញ្ជាក់យ៉ាងច្បាស់ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា បើទោះបីជាកម្ពុជាអត់មានចំណូលបន្ថែម ក៏រាជរដ្ឋាភិបាលមានលុយ សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យ៉ាងតិចរយៈពេល១ឆ្នាំ ដែលខុសពីពេលមុនដែលរដ្ឋត្រូវខ្ចីលុយ ពីធនាគារដើម្បីបើកប្រាក់ខែ។

ថ្លែងយ៉ាងដូច្នេះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសសម្តេចញ្ជើញ ជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមប្រាប់ឲ្យច្បាស់ បើទោះបីគ្មានចំណូលបន្ថែម ក៏រាជរដ្ឋាភិបាលមានសាច់ប្រាក់ សម្រាប់បើកប្រាក់រយៈពេលមិនតិចជាង១២ខែដែរ។ កាលពីពេលមុនប្រាក់ខែតិចហើយ នៅបើកយឺតទៀត រហូតដល់មន្ត្រីរាជការរបស់យើងថា ស្រុកខ្មែរមាន៩០ថ្ងៃ ឬ៦០ថ្ងៃឯណោះក្នុង១ខែ យើងបានទៅខ្ចីលុយធនាគារ ដោយសុខចិត្តចងការប្រាក់ពីធនាគារ យកប្រាក់មកបើកប្រាក់ខែឲ្យមន្ត្រីរាជការរបស់យើង ពិបាកណាស់ ប្រាក់ខែតិចហើយ បើកយឺតទៀត»

សម្តេចតេជោបានថ្លែងទៀតថា រាជរដ្ឋាភិបាលបានរកវិធីសន្សំប្រាក់បន្តិចម្តងៗ សម្រាប់ធ្វើការសម្រួលដល់ការបើកប្រាក់ខែជូនមន្ត្រីរាជការ រហូតដល់នីតិកាលទី៥ គឺមន្ត្រីរាជការចាប់ផ្តើមអាចបើកប្រាក់ខែបាននៅសប្តាហ៍ទី៣ ហើយរហូតមកដល់ពេលនេះ ប្រាក់ខែមន្ត្រីរាជការត្រូវបានសម្រួលឈានដល់ការបើក២សប្តាហ៍ម្តង។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា «ទន្ទឹមការដំឡើងប្រាក់បៀវត្ស យើងមានលទ្ធភាពដើម្បីផ្តល់សាច់ប្រាក់ ឲ្យទៅមន្ត្រីរាជការរបស់យើងបើកបាន ដែលពីមុនយើងខ្វះសាច់ប្រាក់លំបាកណាស់»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមមន្ត្រីរាជការទាំងអស់ មានតែមន្ត្រីរាជការបម្រើក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ គឺគ្រូពេទ្យ និងគ្រូបង្រៀន ដែលមានប្រាក់បៀវត្សខ្ពស់ជាងគេ។ សម្តេចសង្ឃឹមថា មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធផ្សេងទៀត ច្រណែននឹងការផ្តល់ជូនឲ្យគ្រូពេទ្យ និងគ្រូបង្រៀនមានប្រាក់ខ្ពស់នោះទេ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។ ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។

យោងតាមតារាងប្រាក់បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានបង្ហាញថា នៅចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធមាន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន១,០១៤,៤៥០រៀល ត្រូវកើនដល់១,០៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,១១៤,៤៥០រៀល ត្រូវកើនដល់ ១,១៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,១១៤,៤៥០រៀល ត្រូវកើនដល់ ១,១៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,០៩៨,៩២៧រៀល ត្រូវកើនដល់ ១,១៥៤,៥៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,០៣៥,០២៧រៀល ត្រូវកើនដល់ ១,០៨៤,៣៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
(បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់)

ដោយឡែកសម្រាប់ប្រាក់បៀវត្សខ្ពស់បំផុត ( អតិបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៩៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន៣,០០១,៥០០រៀល ត្រូវកើនដល់៣,១១៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
២៖ ប្រាក់បៀវត្សគ្រូបង្រៀន ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន៣,០០១,៥០០រៀល ត្រូវកើនដល់ ៣,១១៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន២,១៣១,៥០០រៀល ត្រូវកើនដល់ ២,២៩៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន៣,១៨៥,៩៧៧រៀល ត្រូវកើនដល់ ៣,៣០១,៤៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន៣,១៨៥,៩៧៧រៀល ត្រូវកើនដល់ ៣,៣០១,៤៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩
(បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់)

រាជរដ្ឋាភិបាលមិនត្រឹមតែដំឡើងប្រាក់បៀវត្សសម្រាប់តែមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ នៅនិវត្តជន ជាអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ក៏ត្រូវដំឡើងប្រាក់សោធននិវត្តន៍ប្រចាំខែផងដែរ ចាប់ពីខែមេសា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាញឹកញយធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា ប្រាក់បៀវត្សរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ ហើយ១ឆ្នាំដំឡើង២ដង។ បន្ថែមលើសពីនេះ រាល់ពេលបុណ្យទាន គឺបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោតែងឧបត្ថម្ភថវិកា៥ម៉ីនរៀលផងដែរ៕