(ភ្នំពេញ)៖ បន្ទាប់ពីនិពន្ធទំនុកចម្រៀងបានចំនួន២បទ ខណៈបទចម្រៀងទាំងនោះ កំពុងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីការនិពន្ធទំនុកច្រៀង ១បទទៀតផងដែរ ដែលបទនោះមានចំណងជើងថា «បងជាទន្សាយ»។

ការបង្ហើបស្នាដៃថ្មីពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចកំពុងត្រៀមចេញ១បទទៀត ហើយបទនោះសម្តេចបានបង្ហើបខ្លឹមសារថា «បងជាទន្សាយ រត់បានឆ្ងាយដោយសារចាញ់ភ្នាល់» ហើយសម្តេចថ្លែងទៀតថា គ្រប់បទចម្រៀងដែលសម្តេចនិពន្ធ មិនបានឲ្យអ្នកណាម្នាក់ យកទៅដាក់ខ្លួននោះឡើយ។ ជាមួយគ្នានេះ សម្តេចអះអាងថា គ្រាន់តែសម្តេចនិពន្ធទំនុកច្រៀងបទ ទទាយំឆ្លងភ្លាម មានប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ បានយកបទនោះទៅចាក់រាំកម្សាន្ត ដើម្បីកំដររោងការយ៉ាងសប្បាយរីករាយផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមតន្ត្រីសម័យសូមសួរបន្តិច ចេះបទទទាយំឆ្លងហើយឬនៅ? បទទទាយំឆ្លង មានពីរឈុត គឺទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ១ ទទាយំឆ្លង ត្រយ៉ងបងអើយរត់ហើយ២ មានពីរបទ តែកុំអ្នកដទៃ រើសដាក់ខ្លួនឲ្យសោះ ព្រោះខ្ញុំនិពន្ធបទចម្រៀង តាមរបៀបកំប្លែងរបស់ខ្ញុំ។ ខ្ញុំប្រើពេល២០នាទី បទចុងក្រោយនេះ ទាំងសរសេរ ទាំងបង្ហោះហ្វេសប៊ុក ព្រោះខ្ញុំជំនាញខាងនិពន្ធ»

សម្តេចបន្តថា «អ្នកដទៃកុំរើសដាក់ខ្លួន ព្រោះនេះជាចម្រៀងបែបកំប្លែងរបស់ខ្ញុំ ហើយខ្ញុំកំពុងត្រៀមចេញ១ទៀត គឺបងជាទន្សាយ រត់បានឆ្ងាយដោយសារចាញ់ភ្នាល់»

កវីថ្មីថ្មោងរបស់កម្ពុជា បានថ្លែងថា បទចម្រៀង «បងជាទន្សាយ» សម្តេចនឹងចំណាយពេលសរសេរ ត្រឹមតែ២០នាទីតែប៉ុណ្ណោះ ព្រោះសម្តេចមានជំនាញខាងតែងនិពន្ធ ហើយសម្តេចក៏បានថ្លែងជំរុញ ឲ្យប្រជាពលរដ្ឋយកបទចម្រៀង ដែលត្រូវបាននិពន្ធដោយសម្តេច ទៅចាក់រាំកម្សាន្តក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗ ខាងមុខនេះផងដែរ។

សូមជម្រាបថា ថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ទើបនឹងបាននិពន្ធចម្រៀងពីរបទ ទាក់ទងទៅនឹងសត្វទទា ដែលបទទីមួយមានអត្ថន័យថា «ទទាយំឆ្លង ត្រយងបងអើយអត់ឆ្លើយ»​ និងបទទីពីរ «ទទាយំឆ្លង ត្រយងបងអើយ រត់ហើយ»។ អត្ថន័យបទទីពីរនេះ ទោះបីជាសម្តេចមិនបានបញ្ជាក់ឲ្យនរណាម្នាក់ រើសយកទៅដាក់ខ្លួនក៏ដោយ តែអត្ថន័យនៃបទនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ ពីភាពកំសាករបស់ទណ្ឌិត សម រង្ស៉ី ដែលបានបំពានការសន្យា ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។

ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបបួលសម្តេចតេជោ ហ៊ុន​ សែន ភ្នាល់គ្នាដោយកំណត់ថា ក្រោមសម្ពាធអន្តរជាតិសម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា ក្នុងចន្លោះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩។ បទចម្រៀងទទាយំឆ្លងវគ្គថ្មី របស់សម្តេចតេជោ ហ៊ុន សែន បាននិពន្ធឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឲ្យដឹងកាលពីថ្ងៃពុធ កន្លងទៅថា ការភ្នាល់របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកជា «មោឃៈ»។

ទណ្ឌិត សម រង្ស៉ី បានលើកឡើងថា បើសិនជាលោកភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះឡែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ តែបើលោកឈ្នះ គឺសម្តេចតេជោត្រូវចុះចេញពីតំណែង។ ភ្លាមៗបន្ទាប់ពីមានការបបួលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួល និងបានស្នើឱ្យ Fresh News ចូលរួមធ្វើជាសាក្សី។

ទោះបីជាយ៉ាងនេះក្តី ទណ្ឌិត សម រង្ស៉ី បានប្រកាសមិនចូលស្រុកខ្មែរវិញ បន្ទាប់ពីរៃអង្គាសលុយបានយ៉ាងច្រើន ដែលលុយទាំងនោះ ទណ្ឌិត សម រង្ស៉ី អះអាងថា ជាថ្លៃធ្វើដំណើរចូលមកប្រទេសខ្មែរ។ ភ្លាមៗបន្ទាប់ពីប្រកាសមិនចូលស្រុក ទណ្ឌិត សម រង្ស៉ី ត្រូវបានប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្ររបស់ខ្លួន បានជេរចំអកពេញៗមាត់ ​ពីទង្វើប្រជាភិថុតរបស់ខ្លួន ដែលបានធ្វើឡើងម្តងហើយម្តងទៀត មិនចេះចប់មិនចេះហើយនោះ៕