(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics សហការជាមួយនឹងក្រុមហ៊ុន GGear ដែលជាអ្នកនាំចូល និងចែកចាយផ្ដាច់មុខគ្រឿង អេឡិចត្រូនិកម៉ាក LG នៅកម្ពុជា បានរៀបចំកម្មវិធីជួបប្រជុំជាមួយនឹងតំណាងចែកចាយរបស់ខ្លួនជាច្រើនរូប កាលពីថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។

ក្នុងគោលបំណងបង្កើនការចែកចាយផលិតផល LG ឱ្យបានកាន់តែច្រើននៅក្នុងឆ្នាំ២០១៩នេះ ស្របពេលតំរូវការនៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិក ដែលមានកំពុងតែមានការកើនឡើងកាន់តែច្រើន នៅលើទីផ្សារប្រទេសកម្ពុជា ។

លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGear បានថ្លែងថា ក្រុមហ៊ុន GGear គឺទទួលបានកេរ្តិ៍ឈ្មោះរហូតមក សព្វថ្ងៃនេះ ដោយសារតែមានដៃគូចែកចាយរបស់យើងដ៏ល្អ និងខិតខំលក់និងចែកចាយផលិតផល ដែលមានគុណភាពដល់អតិថិជនទូទាំងកម្ពុជា។

លើសពីនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ បានថ្លែងបន្ដថា «នៅក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុន GGear មានយុទ្ធសាស្ត្រថ្មីៗ សម្រាប់ដៃគូចែកចាយ ព្រមទាំងមានការលើកទឹកចិត្តជាច្រើនទៀត ដើម្បីជំរុញដល់ការលក់ផលិតផល LG នៅកម្ពុជាឱ្យកាន់តែមានកំណើនច្រើនឡើងៗ ស្របពេលតំរូវការកាន់តែច្រើន ជាក់ស្ដែងកំណើនលំនៅឋាន អគារខុនដូ អាផាត់មិន សណ្ឋាគារជាដើម ដែលសុទ្ធសឹងតែជាគោលដៅនៅក្នុងការលក់របស់យើង។ នៅឆ្នាំនេះ ក្រុមហ៊ុន GGear បានសម្រេចជ្រើសរើសអ្នកចែកចាយឆ្នើមចំនួន១០ ដើម្បីក្លាយជាអ្នកលក់ផ្លូវការសម្រាប់ក្រុមហ៊ុនតែម្តង ដោយពួកគាត់ មានសិទ្ធិលក់ផលិតផល LG ហើយនឹងអាចប្រើប្រាស់នូវវិក័យប័ត្ររបស់ក្រុមហ៊ុន GGear ដូចក្រុមហ៊ុនអញ្ចឹងដែរ»

តាមរបាយការណ៍ក្រុមហ៊ុន GFK ដែលជាក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារផលិតផលអេឡិចត្រូនិក បានបង្ហាញឱ្យដឹងថា ការលក់ផលិតផលអេឡិចត្រូនិកសរុបទាំងអស់ នៅក្នុងទីផ្សារកម្ពុជា នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ គឺបានចំនួន៤១៣លានដុល្លារ ដោយក្នុងនោះទូរស័ព្ទ គឺមានចំណែករហូតដល់ទៅ២៨២លានដុល្លារ រីឯ Consumer Electronics គឺមានចំនួនច្រើនជាង១០០លានដុល្លារ។ តួរលេខនេះ គឺបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងធៀបទៅនឹងឆ្នាំ២០១៧។

លោក ហ៊ ហាប់ ប្រធានទីផ្សារនៃក្រុមហ៊ុន G Gear Electronic បានឱ្យដឹងថា ការជួបជុំលើកនេះ មិនមានប្រកាសលក់ ឬសម្ពោធផលិតផលថ្មីនោះទេ តែជាការជួបជុំ ដើម្បីឲ្យបង្កើនភាពជាដៃគូរជាមួយគ្នា និងជាការអបអរដែលតំណាងចែកចាយរបស់ LG បានខិតខំពង្រីកការលក់របស់ខ្លួន ដែលធ្វើឱ្យផលិតផលអេឡិចត្រូនិករបស់ LG មានវត្តមាននៅលើទីផ្សារកម្ពុជា កាន់តែច្រើន។

លោកបន្តថា ក្រុមហ៊ុន GGear មានបុគ្គលិកគ្រប់គ្រាន់ក្នុងការជួយប្រឹក្សា និងរង់ចាំជួយដៃគូរចែកចាយសម្រាប់ដោះស្រាយបញ្ហានានា ដែលជួបប្រទះ នៅក្នុងនោះ ក្រុមហ៊ុន ក៏មានអ្នកជំនាញ ទីផ្សារ មានជាងជំនាញៗ ទៅលើគ្រប់ផលិតផលនីមួយៗ ដូច្នេះ បើសិនជាដៃគូរមានបញ្ហាណាមួយ ចំពោះអតិថិជន អាចទាក់ទងមកកាន់ក្រុមហ៊ុន ដើម្បីដោះស្រាយភ្លាមៗ៕