(សៀមរាប)៖ ដើម្បីអបអរសាទរខួបលើកទី៦៤ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ - ១៨ កុម្ភៈ ២០១៩) នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩នេះ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិក យុវជន សិស្សានុសិស្ស និងអង្គភាពពាក់ព័ន្ធជាង ៣០០នាក់ ធ្វើពលកម្ម បោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅ ធ្វើជាផ្លូវការពារភ្លើងឆេះ ក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលមានផ្ទៃដីប្រមាណជា ៤ហិកតា។

ស្ថិតនៅក្នុងការ បោសសម្អាតបរិស្ថាននៅឧទ្យានសហស្សវត្ស កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏មានការចូលរួម ពីអ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា, និយោជិតសាខា, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរបរិស្ថាន, គរុសិស្សជាច្រើនអ្នកផងដែរ បានចូលរួមធ្វើការបោសសម្អាតស្លឹកឈើងាប់ និងជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះ ដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់យុវជនកាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោកបានលើកឡើងថា «យុវជនកំពុងនាំគ្នាធ្វើសកម្មភាព» ផងដែរ៕