(កំពត)៖ ឈ្មោះ ហេង សឿន ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចាត់ទុកជាមេក្លោង ក្នុងការដឹកនាំក្រុមអនាធិបតេយ្យមកពីស្រុកផ្សេងៗ រួមមាន៖ ស្រុកទឹកឈូ, ស្រុកដងទង់ ឃុំវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកចាប់ដីនៅចំណុចភូមិព្រៃពាយ ដោយអះអាងថា ជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋ បង្កឲ្យមានភាពអនាធិបតេយ្យ រវាងអ្នកមានដីកាន់កាប់នៅទីនោះ និងអ្នកមកចាប់ដីថ្មីប៉ះពាល់លើដីមានម្ចាស់ ហើយបំផុសឲ្យបងប្អូនទាំងនោះ ដាក់ពាក្យបណ្ដឹងចូលទៅរដ្ឋបាលសាលាខេត្តកំពត ដើម្បីរាយការណ៍បំផ្លើសពីការពិត ជូនលោកអភិបាលខេត្តកំពត ពីសកម្មភាពរបស់ក្រុមការងារចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋដែលមានឈ្មោះត្រឹមត្រូវតាមគោលការរបស់រាជរដ្ឋាភិបាល កំណត់ ជូនបងប្អូននៅតំបន់នោះ។ ចំពោះសកម្មភាពទាំងនេះ ត្រូវបានប្រជាពលរដ្ឋដែលមានដីស្របច្បាប់ ស្នើដល់អាជ្ញាធរចាត់វិធានការតាមច្បាប់ឲ្យខាងតែបានចំពោះបុគ្គលរូបនេះ។

ទាក់ទិនបញ្ហានេះលោក ហេង ពៅ អភិបាលរងស្រុកឈូក និងជាសមាជិកក្រុមការងារវាស់វែងដីធ្លីថ្នាក់ខេត្តកំពត នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោកក្នុងនាមអាជ្ញាធរដែនដី បានដឹកនាំក្រុមការងារដីធ្លីថ្នាក់ស្រុក សហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ចុះដល់កន្លែងហេតុការណ៍ ដែលក្រុមអនាធិបតេយ្យដឹកនាំ ដោយលោក ហេង សឿន ទៅរំលោភ និងសង់ផ្ទះ លើដីប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានជាក់ស្តែង។

លោកបានបន្តថា ពេលនោះលោកបានឃើញ ក្រុមលោក ហេង សឿន ពិតជាបានសង់លំនៅដ្ឋានលើដីកាន់កាប់របស់ប្រជាពលរដ្ឋពិតប្រាកដមែន ដែលប៉ុន្មានថ្ងៃនេះកន្លងមក គឺសង់ផ្ទះតូចៗ បាន ចំនួន៥ផ្ទះ នៅលើទីតាំងប្រជាពលរដ្ឋ១០៣គ្រួសារ ហើយនៅថ្ងៃទី២៨​ ខែកុម្ភៈ ម្សិលមិញ ក្រុមលោក ហេង សឿន បានបន្តសាងសង់ផ្ទះថែមទៀត។

លោកអភិបាលរងស្រុកបានបន្តទៀតថា ដោយឃើញល្មើសជាក់ស្តែងដូច្នេះ លោក និងក្រុមការងារបានហៅឲ្យលោក ហេង សឿន មកសហការ ដើម្បីឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ប្រព្រឹត្តបទល្មើសខាងលើ តែលោក ហេង សឿន បានច្រានចោល មិនធ្វើការសហការនោះទេ ហើយពួកគេនៅតែបន្តសកម្មភាពថីចខាងលើនេះដដែល។

លោក ហេង សឿន បានឆ្លើយមកវិញថា រូបគេមិនស្តាប់អ្នកណាទាំងអស់ រូបគេស្តាប់តែលោកអភិបាលខេត្តកំពត ជាវ តាយ តែប៉ុណ្ណោះ។ ពេលឃើញដូច្នោះ រូបលោកនឹងធ្វើរបាយកាណ៍ជូនថ្នាក់លើ រួចហើយ។

ដោយឡែកលោក ជឹង ផល្លា អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មាធិការវាស់វែងដីធ្លីថ្នាក់ខេត្ត បានឲ្យដឹងថា លោកបានទទួល និងជ្រួតជ្រាបព័ត៌មានខាលើនេះហើយ។ លោកបានបញ្ជាក់ថា លោកបានទទួលបានការណែនាំពីលោក ជាវ តាយ អភិបាលខេត្ត ដោយឲ្យអាជ្ញាធរ ស្រុកឃុំ ត្រូវចាត់ការតាមនីតិវិធីច្បាប់ បើរកឃើញបុគ្គលណាមួយ បានប្រព្រឹត្តបទល្មើសនោះ។

សូមបញ្ជាក់ថា បើតាមមន្រ្តីសាលាខេត្តកំពត គណៈកម្មការដែលប្រឹងធ្វើការវាស់វែងបំពេញទិន្នន័យក្បាលដីស្របតាមនីតិវិធីត្រូវលោក ហេង សឿន ចោទប្រកាន់ និងសុំស្នើរដកចេញទៅវិញ ដោយចោទថា ក្រុមការងារមិនយុត្តិធម៌មានភាពលំអៀង។ ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារគណៈកម្មការបានចុះវាស់វែងដីធ្លីនៅតំបន់នោះយ៉ាងយកចិត្តទុកដាក់ ជិតបានបញ្ចប់បេសកម្មរបស់ខ្លួន ដោយរលូន ហើយមានការទទួលស្គាល់ពីគ្រប់អាជ្ញាធរ និងប្រជាពលរដ្ឋដែលបានវាស់វែង ចាប់តាំងពីបទបញ្ជា ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា រហូតបន្តវាស់វែងពី០១ ស្ទើរតែចប់សព្វគ្រប់ទាំងស្រុង ដោយវាស់ជាក់ស្ដែងតាមឈ្មោះ ដែលបានប្ដឹងទៅសាលាខេត្តចំនួន១៨៩ឈ្មោះនោះ។

ជាមួយគ្នានេះដែរ នៅពេលគណៈកម្មការវាស់វែងជិតចប់សព្វគ្រប់ ឈ្មោះ ហេង សឿន ថា នៅសល់១ក្រុមទៀត គឺ១០៥ឈ្មោះទៀត ដែលមិនទាន់វាស់វែង តែត្រូវលោកអភិបាលខេត្តព្រមាន ក្នុងដំណោះស្រាយមួយ ជាមួយក្រុមប្រជាពលរដ្ឋ១៨៩ឈ្មោះខាងលើ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ នៅឯសាលាខេត្តកំពតថា «កុំបង្កើតកូនចៅបន្តទៀត»។

តាមប្រជាពលរដ្ឋនៅភូមិព្រៃពាយ ក៏ដូចជា អាជ្ញាធរបានប្រាប់ Fresh News ថា លោក ហេង សឿន ជាច្រើនឆ្នាំកន្លងមកនេះ តែងតែដើរញុះញង់ក្រុមអនាធិបតេយ្យ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចាត់ទុកជាមេក្លោងពូកែប្រឌិតរឿង បំផ្លើសព័ត៌មានមិនពិត បង្កើតឯកសារក្លែងក្លាយ នាំក្រុមអានាធិបតេយ្យ តាមភូមិសាស្ត្រ នៃបណ្តាស្រុកខាងលើ ទៅដើរប្តឹងតវ៉ា គ្មានហេតុផល ទៅអាជ្ញាថ្នាក់ខេត្ត ក្រសួងពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ជាពិសេសនៅពេលថ្មីៗកន្លងមកនេះ។

ប្រជាពលរដ្ឋស្នើរអាជ្ញាធរគ្រប់ថ្នាក់ មេត្តាចាត់វិធានការចំពោះបុគ្គលឈ្មោះ ហេង សឿន និងបក្ខពួក ដែលតែងបង្ករបញ្ហាដីធ្លីមិនឈប់ឈរ ធ្វើឲ្យប្រជាពលរដ្ឋរកស៊ីទទួលទាន ដាំដុះមិនបាន ហើយក្រុមនេះក៏តែងបង្កការគំរាមកំហែងដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈកាំបិត ពូថៅ ច្រូងច្រាង ចុះមកវាស់ដីបែបអនាធិបតេយ្យគ្មានស្ដាប់បង្គាប់សមត្ថកិច្ចឬអាជ្ញាធរណាទេ។

ទាក់ទិនករណីខាងលើអង្គភាព Fresh news មិនអាចទំនាក់ទំនងរកការបំភ្លឺពីលោក ហេង សឿន បានទេនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះទេ៕