(សៀមរាប)៖ រយៈពេលពីរខែដំបូងឆ្នាំ២០១៩នេះ ពោលគឺចាប់ពីខែមករា ដល់កុម្ភៈ ឆ្នាំ២០១៩ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណជូនភ្ញៀវបរទេសមានចំនួន៥៤៤,៣០៩នាក់ ថយចុះចំនួន៧.៧៧ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០១៨ ទទួលបានចំណូលសរុបចំនួន ២៥,០៧៨,៩៩៣ដុល្លារអាមេរិក ថយចុះ៨.៧៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនានេះ។

ក្នុងរយៈពេលពីរខែនេះ ចំណូលបានពីការលក់ប័ណ្ណចូលទស្សនាអង្គរចំនួន១,០៨៨,៦១៨ដុល្លារអាមេរិក ត្រូវបានបង់ចំណូលឧត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផា។

ដោយឡែកសម្រាប់ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ មានចំនួន ២៧៣,២៥៩នាក់ ទិញប័ណ្ណចូលទស្សនាអង្គរ ថយចុះចំនួន ៧.៤៩ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០១៨ ដែលបានចំណូលសរុបចំនួន ១២,៦៩៨,២៨៨ដុល្លារអាមេរិក ថយចុះ៩.៣៦ភាគរយ៕