(ភ្នំពេញ)​៖​ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបងប្អូន ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់​ ដែលគេស្គាល់ថា ជាបុគ្គលិកផ្នែកសន្តិសុខ ​នៃមន្ទីរពេទ្យកាល់ម៉ែត​ បានសម្រេចបញ្ចប់ជីវិតរបស់ខ្លួនដោយការចង-កនៅលើម៉ូតូកង់បីឥណ្ឌា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៦ព្រឹក​ព្រលឹមថ្ងៃទី០១​ ខែមីនា​ ​ឆ្នាំ​២០១៩​ ស្ថិតនៅមុខមជ្ឃមណ្ឌលពេទ្យជំងឺបេះដូង​ នៃមន្ទីរពេទ្យកាល់ម៉ែត ផ្លូវ៨០​ ភូមិ៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះ​ ឃឹម​ វាសនា​ ហៅសុខា អាយុ​៣៥ឆ្នាំ​ មុខរបរ​សន្តិសុខមន្ទីរពេទ្យកាល់ម៉ែត ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវ៨៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ក្រោយពិនិត្យសពជនរងគ្រោះ សន្តិសុខមន្ទីរពេទ្យកាល់ម៉ែត បានរាយការណ៍ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋស្រះចក​ ដើម្បីចុះមកពិនិត្យសាកសពនៅទីតាំងកើតហេតុ។

តាមព័ត៌មានពីអ្នកស្គាល់ជនរងគ្រោះ បាននិយាយថា មូលហេតុដែលបង្ខំឲ្យគាត់ចង-ក សម្លាប់ខ្លួនបែបនេះ ដោយសារគាត់តូចចិត្តធ្វើការអស់រាប់ឆ្នាំមកហើយ
តែមេរបស់គាត់ ផ្អាកការងារដោយមិនដឹងមូលហេតុ​។ មួយទៀត ជនរងគ្រោះ នៅជំពាក់បំណុលគេ មិនទាន់អស់​ ហើយរាល់ថ្ងៃគាត់មានកូនទាំងអស់ចំនួន​៥នាក់​ (ប្រុស​៣នាក់​ ស្រី​២នាក់)​ ដែលត្រូវចិញ្ចឹម។

អ្នកស្គាល់ជនរងគ្រោះ បានឲ្យដឹងថា សម្រាប់ជនរងគ្រោះជាមនុស្សល្អម្នាក់តែងតែយកអាសារគេ និងអ្នកដែលស្គាល់។ ជាក់ស្តែងនរណាដែលស្គាល់គាត់ ពេលមានបញ្ហាអ្វីនៅក្នុងមន្ទីរពេទ្យ ដូចជាឈឺស្កាត់ និងបញ្ជូនសាច់ញាតទៅកាន់មន្ទីរពេទ្យ គឺរូបតែងតែជួយសម្រួលរហូត។

យ៉ាងណាក៏ដោយ ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត លោក រាសី បានបញ្ជាក់ថា តាមពិតជនរងគ្រោះ មិនមែនជាសន្តិសុខរបស់មន្ទីរពេទ្យកាល់ម៉ែតនោះទេ គឺជាសន្តិសុខក្រុមហ៊ុនឯកជន ដែលត្រូវបានខាងមន្ទីរពេទ្យជួលដើម្បីរៀបចំរថយន្ត និងម៉ូតូប៉ុណ្ណោះ ដោយសារខាងមន្ទីរពេទ្យ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសន្តិសុខឯកជននោះ។

ក្រោយពេលកើតហេតុ​ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕