(តាកែវ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធី បញ្ចុះបឋមសិលាសាងសង់ អគារធនាគារជាតិនៃកម្ពុជា ខេត្តតាកែវ។

អគារធនាគារជាតិខេត្តតាកែវសាងសង់ឡើង ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍រីកចម្រើន នៃសេដ្ឋកិច្ចក្នុងខេត្តតាកែវ ព្រមទាំងជាតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុ ក៏ដូចជាជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយថែមទៀត។

សមិទ្ធផលថ្មីនេះនឹងចូលរួមចំណែកបង្ហាញ ពីការអភិវឌ្ឍរីកចម្រើននៃប្រព័ន្ធធនាគារនៅខេត្តតាកែវ ព្រមទាំងការអនុវត្ត កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋាភិបាល និងបង្កើនសោភ័ណភាពខេត្តតាកែវ ឱ្យកាន់តែស្រស់ស្អាតទៀតផង។

ក្នុងឱកាសនោះលោកអគ្គទេសាភិបាល ក៏បានផ្តាំផ្ញើឱ្យមន្ត្រីបុគ្គលិក សាខាធនាគារជាតិខេត្តតាកែវទាំងអស់ អនុវត្តមុខងារភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ រក្សាការសម្ងាត់វិជ្ជាជីវៈខិតខំអភិវឌ្ឍខ្លួនឯង និងបន្តស្មារតីសាមគ្គី និងសហការគ្នាល្អជាប្រពៃណី ព្រមទាំងខិតខំយកចិត្តទុកដាក់បម្រើសេវា ជូនឱ្យមន្ទីរ-អង្គភាពរដ្ឋធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព៕